ខេត្តកំពង់ឆ្នាំង :

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ  ឆ្នាំ២០២០ នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តខែមីនា ឆ្នាំ២០២០  ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការថ្មីៗសម្រាប់អនុវត្តជាបន្តទៀត  ។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំង លោកជំទាវ ឈុំ ចាន់សុខ អនុប្រធាន គ.ក.ស.ក លោកជំទាវ ប៊ន សុភី អនុប្រធាន គ.ក.ស.ក ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរក្នុងខេត្ត ដែលជាសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។ 




របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ 

១. មតិស្វាគមន៍របស់ប្រធានអង្គប្រជុំ 

២. អានសេចក្តីព្រាង និងកំណត់ហេតុ កិច្ចប្រជុំ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ ពិនិត្យ និងអនុម័តផែនការសកម្មភាព 

៣. ពិនិត្យ និងស្ដាប់របាយការណ៍លទ្ធផលការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះ របស់ មន្ទីរ អង្គភាព ការិយាល័យជំនាញ អង្គការដៃគូពាក់ព័ន្ធ ផ្សេងៗ  ។បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវប្រធាន បានមានប្រសាសន៍ថាៈ ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេសត្រូវមានកិច្ចសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ៕