ខេត្តកំពង់ឆ្នាំង៖

ក្រុមការងារនៃគណៈកម្មាធិការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ នៅថ្នាក់ឃុំ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការបានធ្វើឡើងនៅថ្ងៃទី១៥គម្ភះ២០២១ម្សិលមិញ ។និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមបច្ចេកទេសកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង លោក អមសុភា  និង ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត លោក ឌឹមឌន រួមនិងសហការី លោក លោកស្រីអភិបាលរងស្រុក តំណាងនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសប្បទាខេត្ត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិក្នុងឃុំទាំងបី។ 


គណៈប្រតិភូក្រសួងផែនការ និងថ្នាក់ដឹកនាំខេត្តធ្វើការប្រជុំនៅតាមសាលាឃុំចំនួន០៣គឺ(១)នៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ (២)ឃុំចោងម៉ោង ស្រុកទឹកផុស និង(៣)ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ ការចុះពិនិត្យនិងការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំអំឡុង ជំងឺកូវីដ-១៩ មានគោលបំណងដើម្បីស្វែងយល់ ពីចំនុចខ្លាំង ចំនុចខ្សោយ និងតម្រូវការចាំបាច់របស់អ្នកអនុវត្ត ដែលជាព័ត៌មានសម្រាប់ធ្វើការកែលម្អការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។អភិបាលរងខេត្តកំពង់ឆ្នាំលោក  អម សុភា បានមានប្រសាសន៍ជម្រុញដល់ថ្នាក់ដឹកនាំ ឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រគឺត្រូវពិនិត្យអោយបានគ្រប់ជ្រុងជ្រោយដើម្បីឱ្យគ្រួសារក្រីក្រនៅក្នុងមូលដ្ឋានបានទទួលប្រព័ន្ធគាំពាសង្គម និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែកមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូពីសុខទុករបស់ប្រជាពលរដ្ឋនៅគ្រប់លំដាប់ថ្នាក់។អភិបាលរងខេត្តកំពង់ឆ្នាំងបានបន្តថាមេភូមិ ក្រុមប្រឹក្សាដែលជាអ្នកអនុវត្តផ្ទាល់នៅមូលដ្ឋានត្រូវពិនិត្យដកចេញនូវគ្រួសារដែលមានជីវភាពប្រសើរឡើង រួចផុតពីជីវភាពក្រីក្រ គឺត្រូវពិនិត្យដកចេញពីបញ្ជីគ្រួសារក្រីក្រក្នុងភូមិ និងឃុំ នៅក្នុងយន្ដការនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រតាមការស្នើសុំ និងត្រូវធានាថាមិនមានគ្រួសារដែលមានជីវភាពប្រសើរណាមួយមានឈ្មោះក្នុងបញ្ជីរគ្រួសារក្រីក្រក្នុងឃុំឡើយ។

 



ឯកឧត្ដម ប៉ាន ប៊ុនធឿន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទទួលបានលទ្ធផលបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលាដែលរាជរដ្ឋាភិបាលត្រូវការដើម្បីយកទិន្នន័យនេះជួយដល់គ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីរាលដាលនៃជំងឺកូវីដ-១៩។ ជាចុងក្រោយឯកឧត្ដមបានផ្ដាំផ្ញើដល់គ្រួសារក្រីក្រត្រូវយកថវិកាដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភក្នុងអំឡុងពេលនៃការរីរាលដាលនៃជំងឺកូវីដ-១៩ ទៅប្រកបរប ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីបង្កើននូវជីវភាពគ្រួសារបន្ថែមទៀត និងត្រូវពាក់ម៉ាសការពារ និងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឳ្យមានវិធីការពារអគ្គីភ័យដែលអាចកើតមានជាយថាហេតុនារដូវប្រាំនេះ និងធ្វើអនាម័យជាប្រចាំរក្សាគម្លាតសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារការរីករាលដាលជំងឺកូវី-១៩ ៕