នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ប្រព័ន្ធបង្ហូរទឹក ចាក់ក្រាលថ្ម និងសមិទ្ធិផលនានា ក្នុងបរិវេណមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ ស្ថិតនៅភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីតំណាងម្ចាស់ជំនួយ សមាគមនសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោក លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ថា៖ កន្លងមក រដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាដៃគូមួយដ៏ល្អមួយ បានចាប់ដៃគូជាមួយគ្នា ដែលផ្ដោតទៅលើការងារសំខាន់ៗចំនួន ០៣គឺ៖ ទី១.ការងារមនុស្សធម៌ ទី២.វិស័យអប់រំ សិក្សាធិការ និងទី៣.វិស័យសុខាភិបាល។ ឯកឧត្ដមបន្តថា វិស័យសុខាភិបាល ត្រូវបានសមាគមកំណត់ជាអាទិភាព កំពុងបោះជំហានពង្រឹងជាងវិស័យពីរ ផ្សេងទៀត ឲ្យស្របទៅនឹងបរិបទ នៃការផ្ទុះឡើង នៃជម្ងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន ។ ជាក់ស្ដែង សមាគម បានគាំទ្រសមិទ្ធផលដែលកើតឡើងនេះ ទៅលើសម្ភារៈបរិក្ខាពទ្យ បូករួមជាមួយនឹងសំណង់អគារ ផ្លូវបេតុង និងសួនច្បារ យ៉ាងស្រស់ស្អាត សរុបចំណាយថវិកាប្រមាណជាង ៣៣ម៉ឺនដុល្លារអាមេរិក ឯណោះ ។ ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកសមិទ្ធផល ដែលសមាគមសាសនាចក្រ បានឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យ ហ៊ុន សែន ស្ទឹងត្រង់ នាពេលនេះ គឺជាសមិទ្ធផល ដ៏មានសារៈសំខាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ និយាយដោយឡែក និងនិយាយជារួម គឺជាការងារមនុស្សធម៌ លើវិស័យសុខាភិបាល សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ជាមន្ទីរពេទ្យទើបបង្កើតថ្មី ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម មានការខ្វះខាតជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដែលមានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មានក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម ។ ក្រៅពីនេះ មន្ទីរសុខាភិបាល បានធ្វើការទំនាក់ទំនង និងគៀងគររកធនធានពីជំនួយសប្បុរសធម៌នានា ព្រមទាំង អង្គការដៃគូសុខាភិបាល ដើម្បីធ្វើការអភិវឌ្ឍមន្ទីរពេទ្យបង្អែកនេះ ឲ្យមានដំណើរការសមស្រប ជាទីកន្លែងផ្ដល់សេវាសុខាភិបាល គួរជាទីទុកចិត្ត របស់បងប្អូនប្រជាពលរដ្ឋ។
ក្រៅពីសមិទ្ធិផលដែលអង្គការសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយកសាងនៅមន្ទីរពេទ្យបង្អែកនេះ សមាគមន បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកនូវគ្រែអ្នកជំងឺ៤៥ និងសម្ភារៈបរិក្ខាវេជ្ជសាស្រ្តចំនួន១ឈុត (ស្មើ៥មុខ) និងបានជួយដល់មណ្ឌលសុខាភាពទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ដោយក្នុងមួយមណ្ឌលគ្រែអ្នកជំងឺចំនួន ០១ គ្រែសម្រាលចំនួន ០១ និងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ១ឈុត (ស្មើនឹង២០មុខ) តាមរយៈលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ហេង ឡុង ឯកឧត្តម អភិបាលខេត្ត បានផ្តល់ជូនរបងជុំវិញមន្ទីរពេទ្យប្រវែង ៤១៨ម៉ែត្រ និងក្លោងទា្វ។ ដោយឡែក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកទទួលសេវាសុខាភិបាល ឯកឧត្ដមក៏បានប្រកាសគម្រោងផ្លូវប្រភេទ DBST ចំនួន ២ខ្សែ មានប្រវែងប្រមាណជា ៥គីឡូម៉ែត្រ ស្ថិតនៅផ្នែកខាងមុខ នៃមន្ទីរពេទ្យបង្អែកស្រុកផងដែរ៕