ខេត្តប៉ៃលិន ៖ កាលពីខែមុនៗ កសិករបាននាំគ្នាត្អូញត្អែរពីតម្លៃទីផ្សារផ្លែតាង៉ែន ហៅមៀនប៉ៃលិន ដែលពួកគាត់ទទួលផល គឺមានការធ្លាក់ចុះខ្លាំង ដោយឈ្មួញទិញត្រឹមតែ១គីឡូក្រាម ១៨០០រៀល ទៅ២០០០រៀលប៉ុណ្ណោះ ។ តែនៅរដូវបុណ្យចូលឆ្នាំចិន ជិតឈានចូលមកដល់ ពួកគាត់មានការសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ខណ:ទីផ្សារកសិផលដំណាំតាង៉ែន ហៅមៀនប៉ៃលិននេះ មានការស្ទុះឡើងជាងមុនបន្តិច ។


  ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ម៉ៅ ហៅតាសណ្តែក អាយុ៥០ឆ្នាំ មានចម្ការមួយកន្លែងស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាំដំណាំតាង៉ែនចំនួន៣៨០ដើម លុះពេលទុំល្មមប្រមូលនាឱកាសបុណ្យចូលឆ្នាំចិននេះ គាត់បានម៉ៅលក់ឱ្យឈ្មួញម្នាក់ ក្នុងតម្លៃ១០០០០ដុល្លារ ដើម្បីចូលប្រមូលផល ។ ម្ចាស់ចម្ការបញ្ជាក់ថា ការដាំដំណាំតាង៉ែនហាក់ដូចជាកាន់តែធ្លាក់ចុះខ្លាំង ខណ: ចំណាយទុនអស់ច្រើន ដូចជាដាក់អកម៉ូនបញ្ចេញផ្កាផ្លែ ប្រើថ្នាំកំចាត់សត្វល្អិត ប្រើថ្នាំប៉ូវផ្លែ ក៏ដូចជាជួលកម្មករឱ្យតែងមែក កាត់ស្លឹក ជាដើម ពោលគឺចំណាយអស់ថវិកាច្រើន ស្ទើរតែស៊ូទ្រាំបន្តទៀត លែងកើតហើយ បើសិនជាទីផ្សារនៅតែធ្លាក់ចុះ ។ 

  


  ប្រភពព័ត៌មានពី ឈ្មួញម្នាក់ ឈ្មោះ តឹក សុខុម ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់បានម៉ៅទិញផ្លែតាង៉ែនហៅ មៀនប៉ៃលិន នៅក្នុងចម្ការខាងលើ ដែលមានចំនួន៣៨០ដើម ក្នុងតម្លៃ១០០០០ដុល្លារ ។ លោកបន្តទៀតថា ការម៉ៅទិញនេះ ហាក់ដូចជាតម្លៃខ្ពស់បន្តិច ព្រោះប្រមូលផលលក់នៅក្នុងក្រុងប៉ៃលិន និងដឹករហូតដល់ទៅខេត្តនានា ដូចជាបាត់ដំបង ពោធិ៍សាត់ និងភ្នំពេញ ក្នុង១គីឡូក្រាម៣០០០ទៅ៣៥០០រៀល ។ តែកាលពីមុនតាង៉ែន១គីឡូគ្រាម គាត់ហ៊ានទិញត្រឹមតែ១៨០០រៀលទៅ២០០០រៀល ព្រោះតម្លៃទីផ្សារដំណាំមួយនេះ មានការធ្លាក់ចុះខ្លាំង ខណ:ខាងឈ្មួញថៃ អត់ចូលមកទិញដូចកាលពីមិនទាន់មានករណីជម្ងឺកូវីដ១៩ វាយលុក ។  លោកបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំចិនជិតឈានចូលមកដល់នេះ ការលក់ដូរផ្លែតាង៉ែន ហាក់ដូចជាមានការឡើងថ្លៃខ្ពស់ជាងមុនបន្តិច ដែលធ្វើឱ្យកសិករ សប្បាយរីករាយយ៉ាងខ្លាំង ។ ចំពោះការដើរម៉ៅទិញផ្លែតាង៉ែននេះ ក៏មិនទៀងដែរ ជួនកាលយកទៅលក់មានការខាតអស់ជាញឹកញយផងដែរ ។ តែទោះបីជាយ៉ាងណា ក៏លោកមិនបោះបង់ចោលមុខរបរដើរម៉ៅផ្លែឈើលក់នាឱកាសបុណ្យទាននេះដែរ ៕ 




ដោយ ៖ នីយ៉ា