ខេត្តកំពង់ឆ្នាំង: តំណាងក្រុមមនុស្សធម៌ “ភួយមួយភាពកក់ក្តៅមួយ” លោក ង៉ោវ៉េងសេង បានលើកទឹកចិត្តដល់ប្អូនៗជាសិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្រហើយ យកចំណេះដឹងពីលោកគ្រូ.អ្នកគ្រូដែលជាមូលដ្ឋានគ្រឹះ ក្នុងការឈានបន្តឆ្ពោះទៅរកកាសិក្សានៅសាលាមធ្យមសិក្សា ហើយ បន្តទៅមហាវិទ្យាល័យ ដែលអាចឆ្ពោះទៅរកការអភិវឌ្ឍធន ធានមនុស្ស ដើម្បីអភិវឌ្ឍសង្គមជាតិ ក៍ដូចជាអនាគតភ្លឺថ្លារបស់យើងផងដែរ។
មានប្រសាសន៍បែបនេះ នៅក្នុងឱកាសនាំយកនូវអំណោយ ជាសម្ភារៈសិក្សា និងថវិការ ទៅចែកជូន សាលាបថមសិក្សាចំនួន២ សាលាបថមសិក្សាស្រែកាច់ ដែលស្ថិតក្នុងឃុំអញ្ចាញរូង និងសាលាបថមសិក្សាក្រចាប់ ស្ថិតក្នុង ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។
សមាជិកម្នាក់ក្នុងចំណោមក្រុមមនុស្សធម៌ លោក លឹមហាក់ឡេង បានលើកឡើងថា “ភួយមួយភាពកក់ក្តៅមួយ” នេះបានកើតចេញពីឆន្ទះរបស់សប្បុរសជននានា តាមបណ្តាញសង្គម តាមរយៈមិត្តភក្រ័ និងបងប្អូនដែលមានធម៌សប្បុរស ចង់ជួយចែករំលែក ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាត និង ពិសេសជួយដល់កុមារតាមទីជនបទដាច់ស្រយាល ដែលកំពុងសិក្សា ដើម្បីឱ្យពួកគាត់មានលំនឹង ហើយយល់ពីតម្លៃនៃការសិក្សា មិនបោះបង់ចោលសាលារៀន ។
ជាក់ស្តែងនៅថ្ងៃ១៤ កុម្ភះ២០២១ កន្លងទៅនេះគឺជាទិវានៃក្តីស្រឡាញ់ ក្នុងនោះផងដែរក្រុមការងារមនុស្សធម៌”ភួយមួយភាពកក់ក្តៅមួយ” បាននាំយកនូវអំណោយ ជាសម្ភារៈសិក្សា សម្ភារៈកីឡា និង សម្ភារៈមួយចំនួនទៀត ជូនដល់សាលាបថមសិក្សាទាំង២ មានសាលាបឋមសិក្សា ស្រែកាច់ និងសាលាបឋមសិក្សាក្រចាប់ដែលជាសាលាមួយឆ្ងាយដាច់ពីគេឯង។
អំណោយដែលនាំយកមកចែកជូននៅពេលនេះរួមមាន៖ ធុងចម្រោះទឹកស្អាតចំណុះ២៤លីត្រ ចំនួន៤ . ម៉ូទ័របូមទឹក១. សម្ភារៈសម្រាប់ដាក់ក្នុងបណ្ណាល័យ និងសម្ភារៈកីឡាមួយចំនួន, ចែកជូនសិស្សសរុបទាំង២សាលា មានចំនួន ២៣៥នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ៤ក្បាល, ប៊ិច២ដើម, ខ្មៅដៃ២ដើម, និងថវិការមួយចំនួន ,លោកគ្រួអ្នកគ្រូ១០នាក់ ក្នុង ម្នាក់ៗ ៤ម៉ឺនរៀល , និងប្រជាការពារ៦នាក់ ម្នាក់ៗ២ម៉ឺនរៀល។
ក្នុងនោះផងដែរ ក្រុមមនុស្សធម៌"ភួយមួយភាពកក់ក្តៅមួយ" ក៍បានជួយឧបត្ថម្ភដល់គ្រួសារសិស្សដែលជួបការលំបាកខ្លាំងលើបញ្ហាជីវភាពរស់នៅសាលាបឋមសិក្សាចំនួន២ ក្នុងមួយសាលាផ្ដល់អទិភាពចំនួន៥គ្រួសារ សរុបចំនួន១០គ្រួសារ ក្នុងនោះ១គ្រួសារទទួលបានសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន÷ អង្ករចំនួន 50 kg, ទឹកត្រី 1យួរ, ទឹកស៊ីអ៊ីវ 1យូរ, មីចំនួន1កេះ, ប្រេងឆា 1ដប, ត្រីខចំនួនមួយយួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ផងដែរថា៖ នៅថ្ងៃដដែលនោះក្រុមការងារមនុស្សធម៌ “ភួយមួយភាពកក់ក្តៅមួយ” បានចូលទៅសាកសួរសុខទុក្ខ ដល់ស្រី្តទុរគតជន ឈ្មោះ ចាប សុថុន រស់នៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយផ្តល់ជូន អំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួនមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹស៊ីអីវ និងថវិការចំនួន ៩៥ម៉ឺន២ពាន់រៀលផងដែរ ។
ដោយឡែកលោក គ្រូអ្នកគ្រូនៃសាលាបឋមសិក្សាទាំង២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កក្រុមការងារមនុស្សធម៌“ភួយមួយភាពកក់ក្តៅមួយ” ដែលតែងតែយកចិត្តទុកដាក់ជួយការងារមនុស្សធម៌ ពិសេសជួយដល់សិស្សសាលារៀនដែលនៅទីជនបទឆ្ងាយៗផងដែរ៕
ដោយសុក្ខារិន