ខេត្តប៉ៃលិន ៖ គ្រាន់តែបានឃើញសារលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកភ្លាម កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ថានឹងរៀបចំដាក់ឧបករណ៍ហាត់ប្រាណ នៅលើសួនកុមារ ទល់មុខសាលាខេត្ត ម្នាក់ៗ រំភើបត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមានពេលវេលា ដើម្បីនាំគ្នាទៅលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាពរឹងមាំ កម្លាំងមាំមួន ។


លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នៅលើបណ្ដាញឱ្យដឹងថា ៖ ត្រៀមៗ បងប្អូន ចាប់ពីថ្ងៃស្អែកនេះតទៅ នៅទីប្រជុំជន លើសួនកុមារនឹងមានឧបករណ៍ ហាត់ប្រាណដាក់ជូនពុកម៉ែបងប្អួន សំរាប់ហាត់ប្រាណ ដើម្បីសុខភាពហើយ ជាពិសេស នៅទីនេះមានលក់ម្ហូបអាហារ បង្អែមឆ្ងាញ់ៗ និងសំលៀកបំពាក់ស្អាតៗ តែតំលៃថោក សមរម្យថែមទៀតផង ។


លោកជំទាវបន្តទៀតថា សូមចូលរួមថែរក្សាអនាម័យ កុំភ្លេចខ្លួនពីវិធានការការពារ មេរោគជម្ងឺកូវីដ - ១៩ ។  លើសពីនេះ ការហាត់ប្រាណ ត្រូវរក្សាគម្លាត ១ម៉ែត្រកន្លះ ត្រូវពាក់ម៉ាស់ លាងដៃអោយបានញឹកញាប់  និងសូមបងប្អូនទាំងអស់ ចូលរួមថែរក្សាអនាម័យ ឧបករណ៍ហាត់ប្រាណរបស់យើង អោយបានល្អអាចប្រើប្រាស់បានយូរអង្វែង ។



សូមបញ្ជាក់ផងដែរថា ៖ កាលពីមុនគេធ្លាប់ឃើញមានការដាក់ទោង ប្រដាប់ក្មេងលេង និងសម្ភារៈហាត់ប្រាណមួយចំនួននៅលើសួនកុមារដែរ លុះក្រោយមកក៍បានខូចខាតអស់ និងត្រូវបានលើកចេញតែម្តង ៕ 


ដោយ ៖ នីយ៉ា