ខេត្តប៉ៃលិន ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍១គ្រឿង បានជ្រុលក្បាលចូលផ្ទះប្រជាពលរដ្ឋ ហើយក្រឡាប់ចាក់ស៊ីម៉ង់តិ៍នៅលើដងផ្លូវ ខណ:ម្ចាស់បើកបររថយន្តមានស៊ីម៉ង់តិ៍ពេញ បម្រុងចាក់ធ្វើផ្ទះប្រជា ពលរដ្ឋនៅក្បែរផ្សារប៉ាហ៊ី ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី បណ្តាលឱ្យរថយន្តថយក្រោយរហូតដល់ក្រឡាប់ ក្បាលចូលផ្ទះប្រជាពលរដ្ឋតែម្តង ។ តែសំណាងល្អ ពេលប្រជាពលរដ្ឋ ក្រឡេកឃើញបែបនេះ ក៏នាំគ្នា រត់គេច ទាំងព្រលឹងចុងសក់ ។ ហេតុការណ៍រថយន្តក្រឡូកស៊ីម៉ង់ដាច់ហ្វ្រាំង ក្រឡាប់នៅមុខផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្សារផ្សារ សាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាល បានឱ្យដឹងថា ៖ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ដោយ បើកបររថយន្តក្រឡុកស៊ីម៉ង់តិ៍ ម៉ាកហ៊ីយិនដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0346 រងការខូចខាតយ៉ាងដំណំ និងបែកបាក់ទ្វារផ្ទះប្រជាពលរដ្ឋផងដែរ ។ របស់ក្រុមហ៊ុន L.S.C របស់លោក ឧកញ៉ា ឡោ ស៊ុនជាង រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ មានស៊ីម៉ង់តិ៍ពេញ បម្រុងនឹងយកទៅចាក់ធ្វើផ្ទះប្រជាពលរដ្ឋ លុះមួយសន្ទុះក្រោយមក ស្រាប់តែរអិលថយក្រោយសន្សឹមៗ ហើយអ្នកបើកបររថយន្ត ខំប្រឹងបួងចង្អូតឱ្យត្រង់ផ្លូវ លុះដល់កន្លែងផ្ទះកើតហេតុ ស្រាប់តែបែរក្បាលចូលបុកពេញទំហឹង បណ្តាលឱ្យក្រឡាប់ចាក់ស៊ីម៉ង់តិ៍ពេញ ផ្លូវតែម្តង ។ ក្រោយពេលកើតហេតុ គេឃើញ នគរបាល និងម្ចាស់រថយន្តចុះទៅពិនិត្យ ដើម្បីរៀបចំយករថយន្តខាងលើទៅជួសជុល និងធ្វើការសងថ្លៃខូចខាតផ្ទះប្រជាពលរដ្ឋខាងលើ ដើម្បីបញ្ចប់បញ្ហាផងដែរ ៕