ខេត្តប៉ៃលិន ៖ ក្រោយពីបុរសម្នាក់ ត្រូវបានលោក ហោ គាឡេង ចៅក្រមស៊ើបសួរនៃអយ្យ ការអមសាលាដំបូងខេត្តប៉ៃលិន ចេញដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ខណ:ជនសង្ស័យរូបនោះ ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ហើយបានវាយដំទាត់ធាក់ទៅប្រពន្ធកូន និងដុតបំផ្លាញផ្ទះសម្បែង បណ្តាលឱ្យឆេះខ្ទេចខ្ទីគ្មានសល់ ត្រូវនគរ បាលឃាត់ខ្លួនបញ្ជូនទៅតុលាការ លុះចៅក្រមអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីកែខ្លួន បែរជាទៅរករឿងដេញវាយ ឪពុកម្តាយ ប្រពន្ធកូន នាំគ្នារត់ចែកជើងប្រសាចទាំងយប់ ត្រូវបាននគរបាល ចុះឃាត់ខ្លួនសារជាថ្មី ដើម្បីសាកសួរបន្ថែម និងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការម្តងទៀត ។ 


ហេតុការណ៍នគរបាលចុះចាប់ឃាត់ខ្លួនជនសង្ស័យដុតបំផ្លាញផ្ទះសម្បែង និងដេញវាយឪពុកម្តាយ ប្រពន្ធកូន ខណ:ចៅក្រមដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពព័័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនសង្ស័យមាន ឈ្មោះ ខ្នា ចាន់ណា ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រពន្ធ ឈ្មោះ ថាន ថុល មានកូន៣នាក់ នៅក្នុងបន្ទុក ដោយបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីវាយប្រពន្ធកូនដុតផ្ទះឆេះខ្ទេច ត្រូវនគរបាលបញ្ជូនទៅតុលាការ ដោយលោកចៅក្រម បានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អំពើដែលមានចែងឱ្យផ្តន្ទាទោសដោយមាត្រា ៤១០ នៃក្រុមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ប្រភពបញ្ជាក់ថា ក្រោយមកលោកចៅក្រមសាលាដំបូងខេត្តប៉ៃលិន ក៏បានអប់រំណែនាំ រួចដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីជួបប្រពន្ធ និងធ្វើការកែខ្លួនឡើងវិញ ដោយចេញដីកាមិនឃុំខ្លួនបណ្តោះអាសន្ន ។ ស្រាប់តែទៅដល់ផ្ទះវិញ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១  ជនសង្ស័យម្នាក់នេះ មិនត្រឹមតែមិនកែប្រែខ្លួននោះទេ ថែមទាំងបានរករឿងជេរបញ្ចោ និងទាញដំបងដេញវាយឪពុក ម្តាយ និងប្រពន្ធកូន ធ្វើឱ្យរត់ចែកជើងគ្នាប្រសាច ហើយក៏ប្តឹងឱ្យនគរបាល ចុះទៅធ្វើការចាប់ឃាត់ខ្លួនម្តងទៀត ។ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យខាងលើ ត្រូវបាននគរបាល នៃ អធិការក្រុងប៉ៃលិន ចាប់ឃាត់ខ្លួន និងសួរនាំបន្ថែម ដើម្បីរៀបចំសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។



ពាក់ព័ន្ធទៅនឹងបញ្ហាដោះលែងជនសង្ស័យខាងលើនេះ ភ្នាក់ងារយើងបានទាក់ទងទៅលោក ហោ គាឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដើម្បីសួរនាំបន្ថែមដែរ តែខាងលោកអត់ទទួលទូរស័ព្ទ ។ ចំណែកមន្ត្រីនាំពាក្យសាលាដំបូងខេត្តម្នាក់ បានឱ្យដឹងថា បន្ទាប់ពីចៅ ក្រមដោះលែងឱ្យទៅផ្ទះវិញ ដើម្បីកែខ្លួន តែបែរជាប្រព្រឹត្តខុសនឹងកិច្ចសន្យា នៅពេលនេះអាចនឹងជាប់ពន្ធនាគារ ខណ:មិនព្រមកែប្រែខ្លួនឱ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម ៕