កណ្ដាល៖ តាមសេចក្ដីរាយការណ៍ពី លោក ភោគ សាវុធ អភិបាល ស្រុកកងមាស ឲ្យដឹងថា ជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធ នឹងករណីឆក់កាបូប ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង០០នាទី កន្លងទៅ ។ 


ប្រភពដដែល បញ្ជាក់ថា ការឈានទៅបង្រ្កាបជនសង្ស័យ ០៣នាក់ ផ្សេងទៀត គឺដោយសារក្រុមគ្រួសារជនរងគ្រោះ បានសហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកមុខកំពូល ខេត្តកណ្ដាល បានឃាត់ខ្លួនមុខសញ្ញាម្នាក់ ឈ្មោះ ជ័យ វិសាល ភេទប្រុសអាយុ ២២ឆ្នាំ នៅចំណុចភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិស្រែក្នុង ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ប្រភពដដែល បញ្ជាក់ដែរថា ក្រោយពីការឃាត់មុខសញ្ញាខាងលើ កម្លាំងជំនាញ របស់អធិការដ្នានស្រុកកងមាស និងប៉ុស្តិ៍ព្រែកកុយ  សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកមុខកំពូល ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់បក្សពួកបានចំនួន ០៣នាក់ ផ្សេងទៀត គឺ ៖ ១.ឈ្មោះ នង សុវ៉ាន់ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិចំបក់មាស ឃុំបាខែង សង្កាត់បាខែង ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ២. ឈ្មោះជីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ និង ៣.ឈ្មោះ ហ៊ាង មករា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកំពន់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្រៅពីនោះ ជំនាញបានដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូ គ្មានស្លាកលេខ ០១គ្រឿង ទូរសព្ទ័ដៃ ០២គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដើម្បី ធ្វើការសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី ៕