ដើមឈើ ១ដើម កំពុងមានការទាក់ទាញទៅដល់មហាជន ខណៈដែលនៅសុខៗ ក៏មានតំណក់ទឹកធ្លាក់ចេញពីស្លឹកមក ។ បាតុភូតចម្លែកនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិអ្នកស្រុក នាំគ្នាមកបន់ស្រន់សុំសេចក្ដីសុខ ពេញទីអារាមវត្តប្រាសាទវតី ហៅវត្តត្បូង ស្ថិតនៅក្នុងព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។បើតាមចាស់ព្រឹទ្ធាចារ្យម្នាក់ ឈ្មោះ ផង់ រ៉េន មានវ័យប្រហែល ៨១ឆ្នាំ ដែលបច្ចុប្បន្ន ស្នាក់អាស្រ័យនៅក្នុងវត្តប្រាសាទវត្តី បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា ក្នុងរយៈពេល ជិតមួយសប្តាហ៍មកហើយ ដែលដើមឈើមួយដើមនេះ ដែលគេស្គាល់ថា ជាដើមច្រេះ និងថែមទាំងមានសត្វរ៉ៃ រស់នៅលើនឹងទៀត បានបង្កបាតុភូ ធ្លាក់ទឹកចេញមក ដូចតំណក់ទឹកភ្លៀងរលឹម ។
លោកតា បានបន្ថែមថា ដើមច្រេះនេះ មានអាយុកាលប្រហែលជិត ២០ឆ្នាំ ហើយ និងមិនដែលមានហេតុការណ៍កើតឡើង យ៉ាងដូច្នេះឡើយ ។ បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកបន់ស្រន់សូមសេចក្តីសុខសប្បាយ និងយកទឹកនោះទៅផ្ទះ ដោយម្នាក់ៗគិតថា ជាទឹកមន្តស័ក្តសិទ្ធិ ។ បើតាមការឲ្យដឹង ពីប្រជាពលរដ្ឋម្នាក់ បានប្រាប់ថា ដើមច្រេះ ចេញទឹកដូចតំណក់ទឹកតិចៗនេះ អាចបង្កមកពីទឹកនោមសត្វរៃ ព្រោះនៅលើដើមនេះ មានសត្វរៃស្រែកយំ យ៉ាងច្រើន ទើបមានតំណក់ទឹកធ្លាក់មកបែបនេះ ។ តែទោះបីជាយ៉ាងណាក្តី រឿងរាវទាំងអស់នេះ គឺជារឿងអបិយជំនឿ ពោលគឺ ស័ក្តសិទ្ធិ ឬយ៉ាងណា វាអាស្រ័យលើការពិចារណារបស់បុគ្គលម្នាក់ៗ ។
ដោយឡែក អ្វីដែលអាជ្ញាធរ ក៏ដូចជា គណៈកម្មាធិការវត្តប្រាសាទវត្តី ស្នើសុំ និងណែនាំនោះ ក៏សូមអ្នកមានជំនឿ ដែលមកកាន់ទីនេះ មេត្តាចូលរួមប្រុងប្រយ័ត្ន និងការពារទាំងអស់គ្នា ដើម្បី បង្ការទប់ស្កាត់ការឆ្លង នៃជម្ងឺកូវីដ ១៩ ត្បិតអី នាបច្ចុប្បន្ន ជម្ងឺដ៏កាចសាហាវមួយនេះ កំពុងរីករាលដាលពេញសកលលោក ក៏ដូចជា សហគមកម្ពុជា ហើយ ៕