ខេត្តប៉ៃលិន ៖ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ពិសេសមេភូមិ បានរាយការណ៍ថា មានប្រជាពល រដ្ឋមួយចំនួន ដែលទើបតែចូលមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល និង រាជធានីភ្នំពេញជាដើម ខណ:ដែលនៅទីនោះកំពុងមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ។ ទើបអាជ្ញាធរខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) គឺនៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ពេលពួកគាត់កំពុងធ្វើចត្តាឡីស័ក មិនអាចចេញទៅប្រកបមុខរបរបាន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ ចុះទៅសួរសុខទុក្ខ និង ផ្តល់ស្បៀងអាហារតែម្តង ។ 


ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ និង ជាអនុប្រធានស.ស.យ.កខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន ស.ស.យ.កខេត្តប៉ៃលិន លោកបានដឹកនាំក្រុមការងារស.ស.យ.កមូលដ្ឋាន នាំយកស្បៀ ង ទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ចំនួន០៦គ្រួសារ ។ 


   ក្នុងកិច្ចចុះសួរសុខទុក្ខ និង ផ្តល់ស្បៀងដល់ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កក្នុងផ្ទះ លោក សៀ សុខុម អភិបាលរងស្រុក និងជាអនុប្រធាន ស.ស.យ.កខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ៖ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រ ធានស.ស.យ.កខេត្ត  លោកបានដឹននាំក្រុមការងារយុវជន ស.ស.យ.ក មូលដ្ឋានឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ និងឃុំអូរអណ្តូង ចុះសួរសុខទុក្ខ និង ផ្តល់ស្បៀងជាគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន០៦គ្រួសារខាងលើ ។ 



លោកបន្តទៀតថា ក្នុងនោះនៅឃុំស្ទឹងត្រង់ចំនួន០២គ្រួសារ ឃុំអូរអណ្តូង០៣គ្រួសារ និងឃុំសាលាក្រៅ0១គ្រួសារផងដែរ ។ ទន្ទឹមនឹងការផ្តល់ស្បៀងនោះដែរ ក្រុមការងារ ក៏បានឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ (០៣ការពារ និង០៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រ សួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ។



លោកបន្ថែមទៀតថា នេះជាទឹកចិត្តរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ដែលតែងតែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាបលរដ្ឋ ព្រោះនេះគឺជាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក ហើយយើងនឹងអត់ធ្មត់ជាមួយគ្នាបន្តទៀត ។ លើសពីនេះ មិនត្រូវឱ្យប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ដើរហើរចេញពីក្រៅខ្សែ ដែលក្រុមការងារបានហ៊ុព័ទ្ធជុំវិញផ្ទះ ដោយគ្មានការអនុញ្ញាតនោះឡើយ ។ លោកក៏បានណែនាំម្តងហើយម្តងទៀតថា បើសិនជាស្រឡាញ់ខ្លួនឯង ស្រឡាញ់ក្រុមគ្រួសារ និងស្រឡាញ់សង្គមជាតិ នោះត្រូវតែចូលរួមស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយបើសិនជានៅតែរឹងចចេស រហូតដល់មានការឆ្លងជម្ងឺក្នុងសហគមន៍ អ្នកដែលត្រូវប្រព្រឹត្ត ត្រូវទទួលរងការពិន័យ និងដាក់ទោសទណ្ឌថែមទៀតផងដែរ ។  

សូមបញ្ជាក់ថា ៖ ស្បៀងអាហារ ដែលក្រុមការងារចុះចែកជូនដល់គ្រួសារធ្វើចក្តាឡីស័កនី មួយៗ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម,មី០១កេះ,ទឹកត្រី,ទឹកស៊ីអ៊ីវ, អំបិល,ប៊ីចេង,ស្ករស ,ទឹកសុទ្ធ និងត្រីខផងដែរ ៕

 ដោយ ៖ នីយ៉ា