ខេត្តកំពង់ឆ្នាំង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ម្សិលមិញ បានចុះត្រួតពិនិត្យ អង្កេត តាមដានគុណភាពទំនិញ តាមហាងលក់ទំនិញ និងទីផ្សារក្នុងខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យសុវត្ថិភាពផលិតផល ម្ហូបអាហារ ដែលអាជីវករកំពុងដាក់តាំងលក់។

  


លោក យីវ ណារិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងដំណើរត្រួតពិនិត្យនេះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទំនិញជាច្រើនមុខដូចជា អាហារកំប៉ុង អាហារកញ្ចប់ ភេសជ្ជៈ ដែលកំពុងដាក់លក់នៅតាមតូបនានាដែលបានដាក់លក់នៅក្រុងកំពង់ឆ្នាំង។ 


ការពិនិត្យនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បី រកមើលសុពលភាពរបស់ទំនិញ កំប៉ុងកំពិត ច្រេះ និងអនាម័យ ដែលកំពុងដាក់លក់អោយប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងបានបិទស្ទីគ័រ បញ្ជក់ពីគុណភាពទំនិញ ដែលប្រើប្រាស់បាន និងមិនអាចប្រើប្រាស់បាន។

  


លោកប្រធានសាខា ក៏បញ្ជាក់ប្រាប់ដល់អាជីវកទាំងអស់ គ្រប់ទីតាំងលក់ ត្រូវបង្កើនការប្រុងប្រយ័ត្ននូវអនាម័យជាប្រចាំ មានអាល់កុលសម្រាប់លាងសំអាតដៃពេលប្រជាពលរដ្ឋមកទិញទំនិញ និងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល គឺ៣កុំ ៣កាពារ។


លោកប្រធានសាខាបានអោយដឹងទៀតថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាថ្ងៃនេះបានល្អប្រសើ ទំនិញដែលកំពុងដាក់លក់គឺមានសុវត្ថិភាពល្អ។ 



អំពាវនាវដល់អាជីវករ ទាំងអស់ ត្រូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារដែលយកទៅដាក់លក់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬ បរិភោគ។


 និងបានណែនាំអោយអាជីវករ បញ្ឈប់នូវសកម្មភាព យកទំនិញដែលខូចគុណភាពលក់បន្ដទៅឱ្យប្រជាពលរដ្ឋ ព្រោះធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋព្រមទាំងប្រឈមនិងការអនុវត្តច្បាប់ផងដែរ ៕ 



ដោយសុក្ខារិន