ដោយអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះ  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យ ដើម្បី ររៀបចំកែលំអរ អតីតសណ្ឋាគារមេគង្គ ដែលកន្លងមក បានជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង ១ឆ្នាំ មកនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យ សម្រាប់ពិនិត្យ និងព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដោយមានឈ្មោះថា «មន្ទីរពេទ្យ មេគង្គកំពង់ចាម» ។



គួររំលឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។ បន្ទាប់ពីទទួលបានការណែនាំដ័ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បី រៀបចំយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម  និងខេត្តត្បូងឃ្មុំ ។



  ចំពោះ អ្នកដែលធ្វើចត្តាឡីស័ក នៅទីនោះ ត្រូវយកទៅធ្វើចត្តាឡីស័កបន្ត នៅឯមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម វិញ ៕