ដោយការយកចិត្តទុកដាក់ អំពីសុខមាលភាពប្រជាពលរដ្ឋ បន្ទាប់ពីរកឃើញអ្នកឆ្លងជម្ងឺកូវីដ ១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប្រកាសបិទ ជាបណ្ដោះអាសន្ន និងដាក់វិធានការ ឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត ដើម្បី ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ ។ 



ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដោយឲ្យអភិបាល ស្រុកស្ទឹងត្រង់ កសាងនូវផែនការការពារ សម្រាប់ភូមិអូររុន ដែលត្រូវរំលេចផែនទីឱ្យបានច្បាស់ អំពីភូមិសាស្រ្តភូមិមួយនេះ និងឈានដល់ការប្រើប្រាស់កងកម្លាំង ដើម្បី គ្រប់គ្រងទីតាំងឈរជើង ផងដែរ ។ ជាមួយគ្នានេះ ត្រូវបញ្ចូលទាំងផែនការផ្សព្វផ្សាយ ពោលគឺ ត្រូវចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះនីមួយៗ ឱ្យបានជាប្រចាំ និងចាត់តាំងក្រុមយុវជន ឲ្យចែកម៉ាស នឹងសាប៊ូលាងដៃ ជូនប្រជាពលរដ្ឋ ផងដែរ ដើម្បី ក្រើនរំលឹក និងដាស់ស្មារតីប្រជាពលរដ្ឋ ឲ្យចេះការពារ កុំឲ្យមានជម្ងឺកូវីដ ១៩ ឆ្លងចូលទៅក្នុងគ្រួសារ របស់ពួកគាត់ ។


 ទន្ទឹមនឹងនោះ ក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តការណែនាំ ដល់ទីវត្តអារាម ទូងស្គរ បន្លឺជាសម្លេង ទៅតាមពេលវេលា ដែលបានកំណត់ ដើម្បី ដាស់អារម្មណ៍ឲ្យប្រជាពលរដ្ឋភ្ញាក់រលឹក ចេះការពារខ្លួន រហូតដល់មានការណែនាំថ្មី ឬក៏ភូមិមួយនេះ ត្រូវបើកឡើងវិញនោះ ។ ដោយឡែក ចំពោះ អ្នកធ្វើដំណើរចេញក្រៅភូមិ ត្រូវកំណត់អទិភាព ឲ្យបានច្បាស់លាស់ ដោយពិនិត្យមើលអ្នកដែលមានហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យចេញពីភូមិទេ ។ ចំណែកឯ អ្នកមានហានិភ័យទាប ឬគ្មានហានិភ័យ បើត្រូវអនុញ្ញាតឲ្យពួកគាត់ចេញក្រៅភូមិ ត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ដោយទទួលបានការអនុញ្ញាតត្រឹមត្រូវ ពីប្រធានភូមិ ឬក៏លោកមេឃុំ ពោលគឺ មិនអនុញ្ញាតឲ្យពួកគាត់ចេញចូលដោយសេរីនោះឡើយ ។ ក្រៅពីនោះ ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កអស់ពីផ្ទះ គ្មានមនុស្សថែរក្សាទ្រព្យសម្បត្តិ សត្វពាហនៈរបស់គាត់ អាជ្ញាធរភូមិឃុំ ត្រូវរាយការណ៍បន្ទាន់មកអភិបាលស្រុក ដើម្បី រកវិធានការដាក់មនុស្សនៅជួយថែរក្សា ដោយធានាធ្វើយ៉ាងណា កុំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិ របស់ពួកគាត់ ក្នុងរយៈពេល នៃការធ្វើចត្តាឡីស័កនោះ ។ 



ឯកឧត្តម អភិបាលខេត្ត បានណែនាំ ដល់អាជ្ញាធរឃុំ ត្រូវកំណត់អត្តសញ្ញាណ ចំពោះ ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយសារការខ្វះខាតចំណីអាហារ ក្នុងពេលធ្វើចត្តាឡីស័ក ឬក្នុងពេលបិទភូមិនេះ តាមរយៈ ការជួយដោះស្រាយចំណីអាហារជូនពួកគាត់ ជៀសវាងការហូបមិនគ្រប់គ្រាន់ ធ្វើឲ្យពួកគាត់មានជម្ងឺផ្សេងៗ ប៉ះពាល់ ដល់សុខភាព របស់ពួកគាត់ ។ ចំណែកប្រជាពលរដ្ឋ ក្រៅភូមិ បើចង់ប្រារព្ធពិធីសាសនា ឬសែនផ្នូរ នាពេលនេះ មិនអនុញ្ញាតឲ្យចូលមកពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋក្នុងភូមិ ដែលបានបិទនេះឡើយ ។ ដោយឡែក អាជ្ញាធរឃុំ ដែលនៅជាប់ភូមិបិទនេះ ត្រូវណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនត្រូវចូលមកកាន់តំបន់ហាមឃាត់នេះឡើយ ។



សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច ស្ដីពីការបិទចេញចូលជាបណ្ដោះអាសន្ន នៅភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលមានប្រជាពលរដ្ឋ ឆ្លងជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតដល់មានការជូនដំណឹង ឡើងវិញ។