ខេត្តបន្ទាយមានជ័យ៖ ហ៊ានណាស់! ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ លួចដឹកមនុស្សឆ្លងដែនខុសច្បាប់តាមច្រករបៀង ក្នុងសម័យកាលកូវីដ១៩ ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ នៅច្រករបៀងមួយកន្លែងនៅក្រោយផ្ទះរបស់ខ្លួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។សមត្ថកិច្ចចម្រុះ មានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កងពលតូចថ្មើរជើងលេខ៥១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានសហការណ៍បង្ក្រាបនៅនឹងផ្ទះជនសង្ស័យ តែពលករទាំងនោះបានរត់ឆ្ពោះទៅខាងភាគីថៃតែម្តង នៅសល់តែមេខ្យល់និងសម្ភារមួយចំនួនទើបឃាត់ខ្លួនបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត។
មេខ្យល់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ត្រូវបានគេស្គាល់ឈ្មោះ យឹម នៅ ភេទប្រុស អាយុជាង៤០ឆ្នាំ មានតួនាទីជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត។ សមត្ថកិច្ចនៅក្នុងហេតុការណ៍បានប្រាប់ថា ពេលដែលមានប្រជាពលរដ្ឋរាយការណ៍នោះ ជនសង្ស័យបានធ្វើសកម្មភាពដាក់មនុស្សចូលរថយន្តនៅចំណុចក្រោយផ្ទះសំណាក់លីហួត លុះដល់ផ្ទះរបស់ជនសង្ស័យក្បែរមាត់អូរព្រំដែននៅខាងជើងចុងស្រស់ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពបញ្ជូនមនុស្សចេញទៅខាងភាគថៃតែម្តង។សមត្ថកិច្ចបញ្ចាក់ថា អ្នកដែលមេខ្យល់លួចនាំឆ្លងដែននោះមានគ្នា៥នាក់ ទំនងជាជាតិថៃ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតរថយន្តម៉ាកកាម៉ារីឆ្លាមពណ៌សមួយគ្រឿង ស្លាកលេខ ព្រះសីហនុ.2A.1354 និងកាបូបដាក់ខោអាវ២ ចង្ក្រានអគ្គីសនីមួយផងដែរ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា គេឃើញរថយន្តខាងលើចេញចូលៗច្រើនលើកច្រើនសារតែមិនចាប់អារម្មណ៍ទេ ដោយអាងគាត់ជាក្រុមប្រឹក្សាសង្កាត់ ហើយផ្ទះរបស់គាត់នៅចំណុចកើតហេតុនោះផងដែរ៕