ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករម្នាក់ ដែលប្រកបមុខរបរកសិកម្ម ដាំបន្លែស្ពៃក្តោប នឹងដាំដើមខ្ទឹមនៅលើដីចម្ការដែលខ្លួនបានជួលគេ ក្បែរផ្លូវជាតិលេខ៥៧ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉សលិន ខេត្តប៉ៃលិន បាននិយាយរៀបរាប់ទាំងត្អូញត្អែរ និងខ្វល់ព្រួយ ចំពោះជីវភាព ខណ:កាប្រមូលផលបន្លែកសិកម្មនៅពេលនេះ មានតម្លៃធ្លាក់ចុះខ្លាំង គួរឱ្យកត់សម្គាល់ ស្ទើរតែលែងចង់ដាំបន្តទៀត ។
បើតាមការរៀបរាប់ពីប្រជាកសិករម្នាក់ ឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ ខាងលើ បានប្រាប់ភ្នាក់ងារយើងថា ៖ ពួកគាត់ជាប្រជាកសិករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានគ្នាប្រមាណ៥ទៅ៦គ្រួសារ បានដាំដំណាំបន្លែស្ពៃក្តោបជារៀងរាល់ឆ្នាំ តែកាលពីឆ្នាំ២០២០ ឈ្មួញទិញបន្លែរបស់ខ្លួន ក្នុង១គីទ្បូក្រាម តម្លៃ២៥០០រៀល តែរហូតមកដល់ដើមឆ្នាំ២០២១នេះ ឈ្មួញទិញត្រឹមតែ១គីទ្បូក្រាម តម្លៃ៣០០រៀលប៉ុណ្ណោះ ពោលគឺមានការធ្លាក់ ចុះរហូតដល់៧ទៅ៨ដងនៃឆ្នាំមុនឯណោះ ដូច្នេះពួកគាត់ចង់សើចក៏សើចលែងចេញ ដោយលំបាករកប្រាក់សងជំពាក់គេតែម្តង ។ ប្រភពដដែលបានបន្តទៀតថា ក្នុងនោះតម្លៃដើមខ្ទឹមកាលពីមុន ឈ្មួញទិញ ១គីទ្បូក្រាម តម្លៃ៦០០០រៀល រីឯនៅដើមឆ្នាំថ្មីនេះ ឈ្មួញទិញត្រឹមតែ១គីទ្បូក្រាម តម្លៃ២៥០០រៀលប៉ុណ្ណោះ ដោយផាត់ចុះឡើង និងកាច់កិនថ្លៃកម្លាំងពលកម្មទៅគឺខាតខ្លាំងណាស់ ដោយមិនអាចទទួលយកបាននោះទេ ហើយឈ្មួយកណ្ដាលគាត់មកទិញដល់ក្នុងចំការដោយមិនបានដឹកយកទៅលក់ដូរនៅទីផ្សារនោះទេ ព្រោះគ្មានម៉ូតូរ៉ឺម៉ក ឬរថយន្តសម្រាប់ដឹកលក់ ។
ទោះបីជាយ៉ាងណា ប្រជាកសិករខាងលើបានបញ្ជាក់ថា ការដាំដំណាំបន្លែស្ពៃក្តោប និងដើមខ្ទឹមនេះ គឺងាយស្រួលក្នុងការថែទាំជាងដំណាំផ្សេងៗ ហើយឆាប់បានប្រមូលផល ដោយគ្រាន់តែមើលថែស្រោចទឹក ដាក់ជីបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីការពារមិនឲ្យសត្វល្អិតចូលមកយាយីបំផ្លាញមុនពេលប្រមូលផល ចំពោះអាយុកាលនៃការចាប់ផ្តើមដាំរហូតដល់ប្រមូលផលមានរយៈពេលត្រឹម តែពីរខែជាង ប៉ុណ្ណោះ គឺប្រមូលផលបានលក់ឱ្យឈ្មួញ ក្នុងក្រុងប៉ៃលិន ដឹកយកទៅលក់បន្តនៅផ្សារ ។
លើសពីនេះ កសិកករទាំងអស់ ក៏សូមធ្វើការអំពាវនាវដល់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ឱ្យចុះទៅជួយពន្យល់ណែនាំពួកគាត់ពីលក្ខណ:បច្ចេកទេសនៃការដាំដុះ និងជួយបណ្ដុះបណ្ដាលពីវិធីថែទាំដំណាំកសិកម្ម ព្រមទាំងរកទីផ្សារលក់ដូរឱ្យបានតម្លៃខ្ពស់ជាងនេះផងដែរ ព្រោះពួកគាត់ប្រាប់ថា ការប្រកបរបរកសិកម្មរាល់ថ្ងៃនេះ អស់រយ:ពេលជិត២០ឆ្នាំមកហើយ ពុំដែលឃើញមានមន្ត្រីជំនាញណាម្នាក់ ចុះទៅជួយពន្យល់ណែនាំដល់ពួកគាត់ក្នុងការដាំដុះនោះទេ ឃើញតែធ្វើការនៅ ក្នុងមន្ទីរប៉ុណ្ណោះ ។ ពួកគាត់ក៏អំពាវបន្ថែមទៀត ឲ្យប្រជាពលរដ្ឋនៅតាមភូមិ ជួយគាំទ្របន្លែរបស់កសិករយើង ជាបន្លែធម្មជាតិ គ្មានសារធាតុគីមី ដើម្បីជាកម្លាំងចិត្តដល់ពួកគាត់ក្នុងការដាំបន្លែគ្រប់មុខឲ្យមានតម្លៃនៅលើទីផ្សារ ដើម្បីលក់បានប្រាក់សម្រាប់ផ្គង់ផ្គង់ជីវភាព និងសងបំណុលគេ ៕
ដោយ ៖ នីយ៉ា