ខេត្តប៉ៃលិន ៖ ដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកហរកម្ពុជា វត្តអារាមទូទាំងខេត្តប៉ៃលិន បានចូលរួមវាយ គង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់នៃជំងឺកូវីដ១៩ ។ 



 ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ចាប់តាំងវេលាម៉ោង៥ និង០០ នាទីព្រឹក វត្តអារាមទូទាំងខេត្តប៉ៃលិន បានចូលរួមវាយ គង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ។  

 បើការរៀបរាប់ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគុណខេត្តប៉ៃលិន បានមានសង្ឃដីកាថា ៖ ការអនុវត្តសកម្មភាពខាងលើ ធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារ និង៣កុំ របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបាន៥ដងក្នុងមួយថ្ងៃ ។ 



 ព្រះគ្រូរតនមុនី អៀ សុផន បានបញ្ជាក់ថា «ចាប់តាំងពីវេលាម៉ោ ៥ និង០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គ្រប់វត្តអារាមនៅទូទាំងខេត្តប៉ៃលិន បានធ្វើឡើងយ៉ាងផុសផុល ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខ និងទូងស្គរផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍» ។

 ព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគុណគណៈធម្មយុត្តិកាយខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិការវត្តសន្តិមារាម ហៅវត្តអូរច្រា បានរំពឹងទុកថា ៖ ការវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រឹតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ ។ 

 សូមបញ្ជាក់ថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។ ការណែនាំនេះ ត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយ របស់លោក ឈិត សុខុន ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយក្នុងសារាចរណ៍ណែនាំនេះ បញ្ជាក់ទៀតថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង៥ព្រឹក, ម៉ោង១១ព្រឹក, ម៉ោង២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់ផងដែរ ៕