ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារប្រតិបត្តិ និងវាយតម្លៃ នៃកម្មវិធីផ្តលផ្ទះមនុស្សធម៌ខេត្ត ដឹកនាំដោយ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារ រួមជាមួយមន្ត្រីសង្ឃ នៃសាលាគណខេត្ត និងអនុសាខាស្រុក បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ អំពីស្ថានភាព និងលទ្ធភាពជាក់ស្តែង ដើម្បី ផ្តល់ផ្ទះមនុស្សធម៌ ជូន ស្ត្រីមេម៉ាយទុរគត ម្នាក់ ឈ្មោះ ខឹម ណារី  អាយុ ៧២ឆ្នាំ រស់នៅ ភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។



គួររំលឹកថា លោកស្រី ខឹម ណារី បានចូលបំរើការងារជាមន្ត្រី កិច្ចការនារី ស្រុកកោះសូទិន  តាំងពីឆ្នាំ១៩៧៩ ហើយបានលាឈប់ពីការងារ ក្នុងឆ្នាំ ១៩៨៨ ។ គាត់មានកូនប្រុស ស្រី ០៣នាក់ តែមានគ្រួសារ បែកទៅរស់នៅកន្លែងទីទៃៗ ទុកអោយគាត់រស់នៅ ម្នាក់ឯង គ្មានទីពំនាក់ ក្នុងកូនខ្ទមទ្រុឌទ្រោម ដ៏តូចចង្អៀត ។ ក្រៅពីប្រាក់ឧបត្ថម្ភរបស់រដ្ឋ ដែលផ្តល់តាមរយៈ ប័ណ្ណក្រ ២ ។ 



បច្ចុប្បន្ន គាត់ដើរកោសខ្យល់ឲ្យគេ បានកម្រៃក្នុង ១ថ្ងៃ ត្រឹមតែ ១.០០០ ទៅ ២.០០០រៀល  ហើយសព្វថ្ងៃរស់នៅ ពឹងផ្អែកលើអំពើសប្បុរស របស់អ្នកជិតខាង ប៉ុណ្ណោះ ។ ដោយមើលឃើញពីស្ថានភាពលំបាក របស់លោកស្រី ខឹម ណារី ក្រុមការងារ បានស្នើសុំការសម្រេចពី ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម អ៊ុន ចាន់ដា  ដើម្បី សាងសង់ផ្ទះខ្ពស់ពីដី (ទំហំ ៤×៦) ១ខ្នង ជូនគាត់ សម្រាប់ស្នាក់នៅ ។ នាឱកាសនោះដែរ លោកជំទាវ ក៏បានចលនាក្រុមការងារ ឧបត្ថម្ភ ជូន គាត់ នូវទឹកប្រាក់ចំនួន ៣២៥.០០០រៀល ផងដែរ ៕