ខេត្តបន្ទាយមានជ័យ៖
សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០២នាក់ ពីបទនាំមនុស្សឆ្លងដែនមិនស្របច្បាប់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំជ ២០២១។ លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ រោះម សួន ភេទប្រុសអាយុ ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុសអាយុ ៤២ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង០២ មានទីលំនៅភូមិអូរស្ងាត់ ឃុំ ត្រពាំងព្រលិត ស្រុកសំពៅ លូន ខេត្តបាត់ដំបង។
លោកបន្តថា ជនទាំង០២នាក់នេះ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន០៧នាក់ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោងម៉ោង០០និង២៥នាទីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើកបររថយន្តនិងពលករប្រុស ស្រីទាំង០៧នាក់។លោកអធិការបន្ថែមថា យោងតាមការបំភ្លឺរបស់ពលករទាំង០៧នាក់ បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្សល់ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់មួយបាំងកន្លះ ពណ៌ក្រហម មានទ្រុងដែក បើកបរដោយឈ្មោះរ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ម្នាក់យកតម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ។ ចំណែកឈ្មោះ រ៉ម សួន អ្នកបើកបររថយន្តបានបញ្ជាក់ថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង០៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន នោះពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥០,០០០រៀល(ប្រាំម៉ឺនរៀល) តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅតាមផ្លូវ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជន បានបញ្ជាក់ថា៖ ឈ្មោះ រ៉ម សួន អ្នកបើកបរនិងឈ្មោះអ៊ូច សុជា អ្នករួមដំណើរ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន។ម្យ៉ាងដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះរ៉ម សួន សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនខ្លួនពួកគេទាំង០២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យម្បីចាត់ការតាមនិតិវិធីច្បាប់៕