កោះកុង÷

បុរសវ័យចំណាស់ម្នាក់ដែលពលរដ្ឋស្គាល់ថាជាសន្តិសុខ បើកបរបុកដើមឈើស្លាប់ ព្រោះតែប្រញាប់ដល់ម៉ោងធ្វើការ ក្នុងស្ថានភាពល្បឿនលឿន។ការស្លាប់របស់ សន្តិសុខជាបុរសវ័យម្នាក់នេះ ព្រោះតែបារម្ភខ្លាចមិនទាន់ម៉ោងចូលបម្រើការងារជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយ ក្បែរព្រំដែនចាំយាម ក៏បើកបរម៉ូតូលឿនពេកជ្រុលទៅបុកដើមឈើស្លាប់ខ្លួនឯងនៅនឹងកន្លែង។នេះបើតាមការឲ្យដឹងពីលោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា នៅរសៀលថ្ងៃទី២១ មេសា ២០២១។




លោកបានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះឈ្មោះ ឈុន លី អាយុ៥២ឆ្នាំ មុខរបរជាកងសន្តិសុខក្រុមហ៊ុនLYP Group ទីលំនៅបច្ចុប្បន្ននៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។លោកអធិការនគរបាលស្រុកមណ្ឌលសីមា ប្រាប់ពីមូលហេតុដែលបណ្តាលឱ្យបុរសម្នាក់នេះស្លាប់នៅនឹងកន្លែងបន្ថែមថា បុរសរូបនេះ ក៏ព្រោះតែរូបគាត់ដល់ម៉ោងចូលបម្រើការងារ ទើបបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកដើមឈើកាលពីវេលាម៉ោង៦.០០នាទីព្រឹក នៅចំនុចបណ្តោយផ្លូវមួយកន្លែងក្នុងភូមិ៣ ឃុំប៉ាក់ខ្លង។ ក្រោយធ្វើកំណត់ហេតុរួច កម្លាំងជំនាញបានប្រគល់សពទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕