កំពង់ចាម៖
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ដឹកនាំដោយ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បាននិមន្ត និងអញ្ជើញនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋ ០២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ហើយបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិ សាសន៍ ឬនិន្នាការនយោបាយឡើយ ហើយតែងតែបាន ចាត់ឲ្យតំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ដល់ជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។ ជាមួយនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស ទារក កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យចាស់ ដែលមានហានិភ័យខ្ពស់ សូមលើកកម្ពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា គឺ «៣កុំ ៣ការពារ និង ២ចូលរួម» ដើម្បី ជៀសផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ គ្រប់ៗគ្នា ។
គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង ២គ្រួសារ ខាងលើ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គក្រ មីជាតិ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ តង់ ១ អាវយឺត ៨ សម្ភារៈផ្ទះបាយ ១សម្រាប់ ព្រមទាំង ថវិកា ចំនួន ១.០០០.០០០រៀល ។ ជាមួយគ្នានេះដែរ អនុសាខាក្រុង ក៏បានផ្តល់ជូន ក្នុង ១គ្រួសារ នូវថវិកា ចំនួន ២០០.០០០រៀល ។ ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត និងសាលាគណខេត្ត ក៏បានផ្តល់ទានបន្ថែម ដល់គ្រួសាររងគ្រោះទាំង ២គ្រួសារ មាន ៖ អង្ករ ៧៥០គក្រ មី ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ២កេស សម្ភារៈផ្ទះបាយ ៦សម្រាប់ និងបច្ច័យ ចំនួន ៨១០.០០០រៀល ផងដែរ ។គួររំលឹកថា កាពីរសៀលថ្ងៃទី២៨ ខែមេសា កន្លងទៅនេះ មានករណីអគ្គីភ័យមួយ បានកើតឡើង បង្កឲ្យឆេះផ្ទះប្រជាពលរដ្ឋ ០២ខ្នង នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម អស់ទាំងស្រុង ។ ក្រៅពីឆាបឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ហេតុការណ៍នោះ មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ៕