ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាកសិករចំនួន១៤គ្រួសារ រស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន បានសហការគ្នា ដាំស្លឹកគ្រៃគ្រឿង ជាង១ហិកតា ដើម្បីទុកកាត់លក់ឱ្យសមាគមមួយ មានឈ្មោះថា «សមាគមមានជ័យស្នួលទ្រេត» មកពីខេត្តបន្ទាយមានជ័យ ។ ខាងសមាគមតែងតែចុះពិនិត្យមើលទីតាំងដាំស្លឹកជ្រៃ ជាញឹកញយ ដើម្បីឱ្យកសិករថែទាំ បោចស្មៅ ស្រោចទឹកជាប់ជាប្រចាំ និងធ្វើឱ្យត្រូវតាមលក្ខណ:ស្តង់ដា បើមិនស្តាប់តាមការណែនាំ ខាងសមាគមក៏មិនទទួលទិញស្លឹកគ្រៃទាំងនោះដែរ ។
បើតាមសម្តីបុរសម្នាក់ ឈ្មោះ ង៉ែត ណាត អាយុ៦០ឆ្នាំ ប្រធានបណ្តុំបន្លែ រស់នៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន តំណាងឱ្យប្រជាកសិករទាំង១៤គ្រួសារ បានរៀបរាប់ឱ្យដឹងថា ៖ ក្រោយពេលនាំគ្នាដាំស្លឹកគ្រៃគ្រឿង ជាង១ហិកតា តំណាងសមាគម បានចុះទៅជួបកសិករជាញឹកញាប់ និងដាស់តឿនឱ្យគាត់ ជំរុញកសិករ ដែលផលិតដំណាំស្លឹកគ្រៃនេះ ធ្វើយ៉ាងណា ឱ្យបានទាន់ពេលវេលា ដើម្បីលក់យកថវិកាដោះស្រាយជីវភាព ខណ:ពេលជំងឺកូវីដ១៩កំពុងវាយលុកក្នុងប្រទេសកម្ពុជា មិនអាចឱ្យកសិករ ចេញទៅប្រកបមុខរបរទទួលទានណាឆ្ងាយបានឡើយ ។
ប្រភពបន្តទៀតថា កសិករទាំងនេះ បានទិញពូជស្លឹកគ្រៃគ្រឿង ពីក្រុមហ៊ុន ដោយចាប់ផ្តើមដាំក្នុងម្នាក់ៗ ចំនួន១រ៉ៃទៅ២រ៉ៃ (៤០ទៅ៨០ម៉ែត្របួនជ្រុង) ប៉ុណ្ណោះ អត់មានដាំច្រើននោះទេ ព្រោះមានការព្រួយបារម្ភក្រែងខាងសមាគមអត់ទទួលទិញ នាំឱ្យខាតដើមទុនអស់ច្រើន ។ ការដាំស្លឹកគ្រៃនេះ ទទួលបានការណែនាំមកពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និង កសិកម្មខេត្តប៉ៃលិន គឺខាងសមាគមជួលមន្រ្តីទាំងនោះ ដោយមាន២គម្រោង គឺគម្រោងអេម និង គម្រោងអាស្បាយ ។ មន្រ្តីខាងលើ ដែលចុះទៅធ្វើការសម្របសម្រួលខាងសមាគមជាមួយប្រជាពលរដ្ឋនេះ មិនទទួលបទបញ្ជាពីប្រធានមន្ទីរទេ គឺគេជួលក្រៅផ្លូវការប៉ុណ្ណោះ ។ រហូតមកដល់ពេលនេះ នៅក្នុងខេត្តប៉ៃលិន ការដាំស្លឹកគ្រៃនេះ មិនទាន់មាននរណាម្នាក់ ទទួលបានផលលក់ឱ្យខាងសមគមនៅឡើយទេ គឺទើបតែចាប់ផ្តើមដាំបានរយ:ពេលជាង១ខែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយ ការដាំនេះ មានលោកមេភូមិចូលរួមដឹងឮ ព្រមទាំងមេឃុំទទួលចុះហត្ថលេខាលើគម្រោងខាងលើនេះដែរ ដោយមិនមែនចេះតែដើរប្រមូលឱ្យប្រជាពលរដ្ឋ ដាំចោលអត់គោលដៅនោះឡើយ ។
គាត់បញ្ជាក់ថា កសិករបានទិញពូជស្លឹកគ្រៃពីសមាគម ក្នុង១គីឡូក្រាម តម្លៃ២០០០រៀល ហើយពេលដាំបានផល ខាងសមាគមនឹងទទួលទិញត្រឡប់ទៅវិញ ក្នុង១គីឡូក្រាម តម្លៃ១០០០រៀល និងទិញស្លឹក១គីឡូក្រាម តម្លៃ៨០០រៀល ៕
ដោយ ៖ នីយ៉ា