កំពង់ចាមៈ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនី ធ្វើការនៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ កិច្ចប្រជុំមានការអញ្ជើញចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានចាត់ឲ្យរដ្ឋបាលស្រុក សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត នាំយកកម្មករ កម្មរិនី ដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន ០៩នាក់ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើករណីនេះ ផងដែរ ។






ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ត្រូវ ÷១-បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយរង់ចាំលទ្ធផលសំណាកអ្នកដែលពាក់ព័ន្ធ នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១ ។២-ត្រូវពង្រឹង និងក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ដើម្បី ឱ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ហើយអាជ្ញាធរ រួមជាមួយអ្នកពាក់ព័ន្ធ ត្រូវពិនិត្យ និងតាមដានឲ្យបានជាប់ជាប្រចាំ ដើម្បី ជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត បានទាន់ពេលវេលា ។ ៣-មន្ត្រីសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរស្រុក ស្រាវជ្រាវ និងនាំយកអ្នកពាក់ព័ន្ធនឹងអ្នកសង្ស័យដោយផ្ទាល់ ឬដោយប្រយោលឲ្យធ្វើចត្តាឡីស័ក ។៤-ត្រូវណែនាំ ដល់គណៈអាជីវករ តាមផ្សារនានា ឲ្យបានជាប់ជាប្រចាំ ដោយត្រូវរៀបចំជាប្រដាប់វាស់កំដៅ អាល់កុលលាងដៃ និងពាក់ម៉ាស ឲ្យបានគ្រប់ពេលវេលា និងគ្រប់ៗគ្នា ។គួរបញ្ជាក់ថា នាពេលកន្លងទៅ អាជ្ញាធរបានរកឃើញករណីកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន ០៤នាក់ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ពួកគេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ៕