ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កសិករម្នាក់ ដែលប្រកបមុខរបរចិញ្ចឹមសត្វមាន់ស្រែ សរុបទាំងតូចទាំងធំប្រមាណ១០០០ក្បាល នៅក្នុងដីចំការតាង៉ែនមួយកន្លែង ។ តែនៅដើមឆ្នាំថ្មី២០២១នេះ គាត់អះអាងថា ពិតជាសំណាងល្អ ដោយសារកាលពីរដូវបុណ្យចូលឆ្នាំចិនកន្លងទៅ គាត់បានចាប់មាន់ស្រែ ដែលល្មមគ្រប់គីឡូ លក់ទាំងអស់ ដោយទុកតែមេមាន់ក្រាបពង និងកូនមាន់តូចៗ ប៉ុណ្ណោះ ។ លុះក្រោយពីលក់រួច រហូតមកដល់ពេលនេះ ស្រាប់តែមេមាន់ក្រាបពងមួយចំនួនឈឺដេកងាប់ ក្នុងសំបុកស្ទើររាល់ថ្ងៃ ។បើតាមការរៀបរាប់ពីស្រ្តី ឈ្មោះ គឹម សុគុន្ធា អាយុ៤១ឆ្នាំ រស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គាត់បានចិញ្ចឹមមាន់ស្រែ ទាំងតូច និងធំប្រមាណ១០០០ក្បាល ក៏មានចិញ្ចឹមមាន់សាច់ ឆ្អឹងខ្មៅ សត្វទាកាប៉ា និងសត្វក្ងានផងដែរ ។ គាត់បន្តទៀតថា មាន់ដែលចាប់លក់រួចជាង៦០០ក្បាល ស្រាប់តែឥឡូវនេះ មេឃក្តៅខ្លាំង និងមានភ្លៀងធ្លាក់ បណ្តាលឱ្យមាន់របស់គាត់ ដែលនៅសេសល់ កើតទៅជាជំងឺផ្តាសាយ រលាកផ្លូវដង្ហើម និងឈឺសំកុក អត់ស៊ីចំណី ។ តែអត់មានការឆ្លងជំងឺពីមាន់អ្នកជិតខាងនោះទេ ដោយសារគាត់ចិញ្ចឹមមាន់ដាច់ស្រយាលពីអ្នកភូមិ ពេលងាប់កប់ចោល ដើម្បីកុំឱ្យឆ្លងទៅមាន់ដទៃទៀត ។
រីឯការព្យាបាល ការថែទាំ និងការភ្ញាស់កូនមាន់ គឺគាត់ដោះស្រាយដោយខ្លួនឯង អត់បានទាក់ទងទៅខាងមន្ទីរកសិកម្មខេត្តនោទេ ពោលគឺធ្វើតាមរបៀបធម្មជាតិតែម្តង ។ គាត់បញ្ជាក់ទៀតថា ការរកទីផ្សារលក់ដូរ គឺលក់ឱ្យអ្នកភូមិ និងឈ្មួញនៅក្នុងផ្សារប៉ាងរលឹម ឈ្មួញមកពីផ្សារប៉ាហ៊ី ចូលទៅកុម្មង់ទិញជាញឹកញាប់ ឱ្យតែមានមាន់លក់ គឺគេទិញទាំងអស់ ដោយ១គីឡូក្រាម លក់បានថ្លៃ១៧០០០រៀលទៅ១៨០០០រៀល ទោះបីជាលក់ដុំ និងលក់រាយក៏មានតម្លៃដូចគ្នា ។ ចំពោះការលក់សត្វមាន់ និងសត្វទាកាប៉ាចិញ្ចឹម របស់គាត់ទាល់តែមានអ្នកចូលទៅបញ្ជាទិញ ទើបចាប់លក់ តែពេលនេះ សំណាងល្អខ្លាំងណាស់ ដោយសារគាត់ចាប់លក់ឱ្យឈ្មួញទាន់ពេលវេលា ស្រាប់តែក្រោយមក សត្វមាន់ក្រាបពងនៅក្នុងសំបុក ឈឺដេកងាប់៣ទៅ៤ក្បាល ហើយកំពុងរកថ្នាំសម្រាប់ព្យាបាលឱ្យទាន់ពេលវេលា ។ រីឯសត្វទាកាប៉ាក៏គាត់មានការព្រួយបារម្ភពីបញ្ហាជំងឺនេះដែរ ទើបចាប់លក់អស់សល់តែមេពងប៉ុណ្ណោះ ដោយ១គីឡូក្រាម តម្លៃ១៣០០០រៀល ខណ:សត្វទាឈ្មោល១ក្បាល អាចមានទម្ងន់រហូតដល់៥គីឡូក្រាមឯណោះ ពោលគឺចំណេញ ច្រើនជាងមាន់ ព្រោះជាសត្វមិនរើសចំណី គឺដាក់តែដើមចេក និងកន្ទក់ប៉ុណ្ណោះ ។ គាត់បន្ថែមទៀតថា ពេលឃើញសត្វចិញ្ចឹមរបស់ខ្លួន ចាប់ផ្តើមមានបញ្ហាបែបនេះ ក៏បានស្នើសុំឱ្យខាងមន្ទីរកសិកម្មខេត្ត ចុះទៅពិនិត្យមើលកន្លែងចិញ្ចឹម ដើម្បីប្រាប់ពីរបៀបព្យាបាលឱ្យទទួលបានជោគជ័យ ជៀសវាងងាប់ច្រើន ។
ចំណែកលោក ស៊ុយ មន អនុប្រធានការិយាល័យផលិតកម្ម និង បសុព្យបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ត្រូវឱ្យកសិករខាងលើ រៀបចំរោង ឬទ្រុងចិញ្ចឹមសត្វមាន់ឱ្យបានល្អជាងនេះបន្តិច ត្រូវបោសសម្អាតអនាម័យជាប្រចាំ ហើយការប្រើចំណី ត្រូវមានជីវជាតិល្អ ពិសេសត្រូវដាក់ចំណីមាន់ធំខុសពីចំណីមាន់តូចៗ ។ បើប្រើប្រាស់ចំណីមិនត្រឹមត្រូវ មិនដិតដល់ ក៏សត្វមាន់ចិញ្ចឹម មិនអាចធំធាត់លឿនបានដែរ ។ លើសពីនេះ ត្រូវឱ្យគាត់ចាក់វ៉ាក់សាំងការពារ ដើម្បីកុំឱ្យសត្វមាន់កើតបញ្ហាជំងឺឆ្លង និងឆាប់ងាប់ នាំឱ្យមានការខូចខាត និងបាត់បង់ថវិកាអស់ច្រើន ៕