កំពង់ចាមៈ
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរលោក ទូច ឆៃ នាយកសាខាកាបាទក្រហមខេត្ត និងលោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកស្រី ធួន រ៉ាវី អាយុ ៣៦ឆ្នាំ រងគ្រោះដោយសាររន្ទះបាញ់ស្លាប់កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣.៤១នាទី នៅចំណុចភូមិវាលខ្សាច់ ឃុំរអាង ផ្ទះសពស្ថិតនៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម។
អំណោយមនុស្សធម៌រួមមាន: អង្ករ ៥០ គ.ក្រ ,មី១កេះ , ទឹកក្រូច១កេះ,ទឹកសុទ្ធ១កេះ,ត្រីខ ១យួរ និងថវិកា ៤០០.០០០រៀល ។ក្នុងនោះដែរលោកជំទាវបានពាំនាំ ផ្តាំផ្ញើសួទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហម ខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះនិងងាយរងគ្រោះទាន់ពេលវេលា នឹងសូមអោយបងប្អូនចូលរួមអនុវត្ត តាមវិធានការ ៣ការពារ ៣កុំ ។