ខេត្តបន្ទាយមានជ័យ៖ 

ប្រជាពលរដ្ឋជាង៤០គ្រួសាររួសរើសំណង់មិនស្របច្បាប់ នៅចន្លោះផ្លូវដែក និងផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទៅរស់នៅទីតាំងអភិវឌ្ឍន៍ថ្មី បឹងជង្រុកតេជោឈ្មះឈ្មះ ស្ថិតនៅឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ក្រុមការងារឧទ្ទិការល័យសម្តេចតេជោហ៊ុនសែន សហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត កងកម្លាំងអាវុធហត្ថ ចុះជួយរួសរើ និងជួយដឹកជញ្ជូន សំណង់មិនស្របច្បាប់របស់ប្រជាពលរដ្ឋដែលរស់នៅលើដីសួនច្បារចន្លោះផ្លូវរថយន្តភ្លើង និងផ្លូវជាតិលេខ៥ ដើម្បីផ្តល់ទីតាំងចំណីផ្លូវសាធារណៈ សំរាប់ទុកឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត រៀបចំសួនច្បារ ដើម្បីលំអរក្រុងឲ្យកាន់តែមានសោភ័ណភាពល្អប្រសើរ ដែលសកម្មភាពជួយរួសរើនេះ មកដល់ថ្ងៃទី១៩ខែមេសា នេះ មានរយៈប្រមាណជាង១០ថ្ងៃមកហើយ។






ឯកឧត្តមប៉ាន់ ខែម ប៊ុនថន នាយករងឧទ្ទិការល័យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារដែលចុះមកជួយរុះរើលំនៅឋាននេះ ដោយមានការសំណូមពរដ៏ទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីសួនសាធារណៈកន្លងមក សុំឲ្យក្រុមការងារ អាជ្ញាធរ កម្លាំងសមត្ថកិច្ច ជួយរួសរើលំនៅឋាន ដើម្បីឲ្យពួកគាត់ឆាប់បានទៅរស់លើដីស្របច្បាប់នៅលើទីតាំងថ្មី “បឹងជង្រុកតេជោឈ្នះ ឈ្នះ” ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលរស់នៅលើដីសួន ដែលត្រូវទទួលបានការសម្បទានជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៤៦ក្បាលដី ហើយក្រុមការងារ ឯកឧត្តមប៉ាន់ ខែម ប៊ុនថន និងអាជ្ញាធរក្រុង គឺជួយសម្រួលទាំងការរួសរើ និងដឹកជញ្ជូនទៅកាន់ដីស្របច្បាប់ថ្មីផងដែរ។ លោកក៏បានកោតសរសើរដល់ប្រជាពលរដ្ឋដែលចូលរួមសហការជាមួយក្រុមការងារ អាជ្ញាធរប្រគល់ដីសួនសាធារណៈជូនមកអាជ្ញាធររៀបចំអភិវឌ្ឍន៍កែលំអរជាសួនដើម្បីសោភ័ណភាពក្រុងផងដែរ៕