ខេត្តប៉ៃលិន ៖ 

បន្ថែមពីលើមុខរបរកាប់ជ្រូកលក់ប្រចាំថ្ងៃ បុរសជា អាជីវករម្នាក់ បានបែកគំនិ ត ធ្វើទ្រុងចិញ្ចឹមសត្វជ្រូក នៅខាងក្រោយផ្ទះរបស់ខ្លួន ជិត៨០ក្បាលបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការកាប់ជ្រូកលក់ មិនលំបាកដើររកទិញនៅតាមភូមិ ហើយទោះបីជាបញ្ហាកូវីដ-១៩ កំពុងផ្ទុះឡើង ក៏មិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់គាត់ដែរ ។  បើតាមការរៀបរាប់របស់បុរសម្នាក់ ឈ្មោះ ម៉ាក សុឃា អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិអូរតាពុក ក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះថា ៖ គាត់ជាអាជីវករ កាប់ជ្រូកលក់ខ្លួនឯង នៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី អស់រយ:ពេលជាច្រើនឆ្នាំមកហើយ លុះកា លពី៧ទៅ៨ឆ្នាំមុន គាត់ក៏បានបន្ថែមមុខរបរមួយទៀត ដោយទិញកូនជ្រូក អ្នកភូមិយកមកចិញ្ចឹម ដើម្បីកាប់លក់ ដោយមិនលំបាកដើររកទិញជ្រូកអ្នកភូមិយកមកកាប់នោះឡើយ ។ គាត់បន្តទៀតថា ការចិញ្ចឹមជ្រូកនេះ មានចំនួនជិត៨០ក្បាល ដោយសារជ្រូករស់ឡើងថ្លៃ ចាប់ពី១គីឡូក្រាមឈ្មួញទិញ១៤០០០រៀលទៅ១៤៥០០រៀល គាត់ក៏ចាប់លក់អស់ជាច្រើន នៅសល់តែជ្រូកជិត៤០ក្បាលប៉ុណ្ណោះ  ខណ:ដែលសាច់ជ្រូកនៅផ្សារតម្លៃចាប់ពី២៤០០០រៀលទៅ៣០០០០រៀល ក្នុង១គីឡូ ក្រាម ។ 



គាត់បញ្ជាក់ថា ការចិញ្ចឹមជ្រូកបច្ចុប្បន្ននេះ ជួបនឹងបញ្ហា ជំងឺជាច្រើន ដូចជាជំងឺអុតក្តាម ជំងឺសាទឹកជាដើម តែគាត់រកថ្នាំសម្រាប់ព្យាបាល និងទប់ស្កាត់ដោយខ្លួនឯង ដើម្បីកុំឱ្យមានការងាប់ច្រើន គឺអាចជួយបានប្រហែល៥០ភាគរយដែរ ។  ចំណែក ខាងមន្ទីរកសិកម្មខេត្ត ក៏បានធ្វើការបង្រៀន និងផ្តល់ទឹកថ្នាំកំចាត់មេរោគ សម្រាប់យកមកសំអាតទ្រុង ដើម្បីការពារជំងឺមួយចំនួនដែរ ។ម្យ៉ាងវិញទៀត ក្នុងការចិញ្ចឹមសត្វជ្រូក កាប់យកសាច់លក់របស់គាត់ គឺរក្សាទុកមេជ្រូក ឱ្យបង្កើតកូនជិត១០ក្បាល មានបាជ្រូក១ក្បាល ដើម្បីបង្កាត់ពូជ ដោយបន្ទាប់ពីមេជ្រូកបង្កើតកូនតូចៗ បានរយ:ពេលត្រឹមតែ៣ ទៅ៤ខែ គាត់អាចចាប់យកទៅកាប់សាច់លក់ ឬលក់ទាំងរស់តែម្តង ។ ទោះបីជាជ្រូករបស់គាត់ច្រើនបែបនេះ ក៏មិនអាចផ្គត់ផ្គង់ តម្រូវការទីផ្សារគ្រប់គ្រាន់នោះដែរ ដោយ គាត់មានគម្រោងនឹងពង្រីកទ្រុង ហើយទិញកូនជ្រូកនៅតាមកសិដ្ឋានប្រហែល១០០ក្បាលទៀត យកមកចិញ្ចឹម តែដោយសារបញ្ហាជំងឺកូវីដ១៩ គាត់មិនទាន់អាចចេញទៅទិញកូនជ្រូកនៅព្រំប្រទល់ខេត្តបាត់ដំបង ប៉ៃលិនបានឡើយ ។ លើសពីនេះ គាត់ក៏មានសំណូមពរ ទៅខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ឱ្យចុះមកជួយបង្រៀននិងពន្យល់ថែមទៀត ពីរបៀបការពារ និង ព្យាបាលជំងឺសត្វជ្រូក ដើម្បីកុំឱ្យកើតជំងឺ ងាប់ច្រើន ដែលនាំឱ្យមានការខាតទុនផងដែរ ព្រោះគាត់ចិញ្ចឹមជ្រូកតាមលក្ខណ:ចេះដឹងតៗគ្នាពីមុនមក ៕