កំពង់ចាម ៖ បន្ទាប់ពីស្ត្រីម្នាក់ ឈ្មោះ ឡេង ចាន់ថេង ជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន មានវិជ្ជកូវីដ ១៩ ភ្លាមៗនោះ អាជ្ញាធរស្រុកកោះសូទិន ដឹកនាំដោយ លោក យី វណ្ណៈ អភិបាល នៃគណអភិបាល ស្រុកកោះសូទិន រួមជាមួយសមត្ថកិច្ចក្នុងមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានចុះស្រង់ឈ្មោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ។ លោក យី វណ្ណៈ អភិបាល ស្រុកកោះសូទិន បានបើកកិច្ចប្រជុំបន្ទាន់ លើករណីអ្នកមានវិជ្ជមានកូវីដ ១៩ ដោយបានបញ្ជាឲ្យក្រុមគ្រូពេទ្យ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅលំនៅដ្ឋាន ដែលរកឃើញអ្នកវិជ្ជមាន និងបន្តផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋសង្ស័យ ដោយធ្វើយ៉ាងណា ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី ធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឲ្យនៅដោយឡែក រយៈពេល ១៤ថ្ងៃ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៨ ខែមេសា របស់រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងដល់សាធារណៈជន ក៏ដូចជា បងប្អូនដែលរស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ឲ្យបានជ្រាប អំពីករណីរកឃើញវិជ្ជមានកូវីដ ១៩ លើស្រ្តី ឈ្មោះ ឡេង ចាន់ថេង មានមុខរបរ អាជីវករផ្សារចាស់ រាជធានីភ្នំពេញ និងអាសយដ្ឋានបច្ចុប្បន្ន ផ្ទះនៅផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សេចក្ដីប្រកាសព័ត៌មាន បានអំពាវនាវ ដល់បងប្អូន ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល លើបុគ្គលខាងលើ សូមមេត្តាផ្តល់ដំណឹង ទៅសមត្ថកិច្ច និងទៅពិនិត្យសំណាក នៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ជាបន្ទាន់ ។ សូមបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះ អាជ្ញាធរស្រុកកោះសូទិន បានស្រាវជ្រាវ រកអ្នកដែលប៉ះពាល់ដោយផ្ទាល់ បានចំនួន ០៩នាក់ ហើយ ។ ដោយឡែក អ្នកប៉ះពាល់ប្រយោលវិញ អាជ្ញាធរ បានឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះរៀងៗខ្លួន ដើម្បី តាមដានសុខភាពផងដែរ ៕