ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស៊ីឈ្នួលបើកគោយន្តកន្ត្រៃដឹកស្រូវបាក់សាក់ស៊ីរ៉ឺម៉កកៀបដៃចង្កូតស្លាប់នៅនឹងកន្លែងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី ៦ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។



ប្រភពនគរបាលឃុំភ្នំលៀបបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សែម មុំ អាយុ ៤៨ ឆ្នាំ ភេទប្រុស នៅភូមិ ក្បាលក្របី ឃុំ សំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ 


ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើត ហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឲ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួចមានគោយន្តជាច្រើនគ្រឿងបើកគម្លាតពីគ្នាប្រហែលជា១០០ម៉ែត្រ។ ជនរងគ្រោះ បើកនៅកណ្តាលគេ ពេលបើកមកចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃបាក់សាក់ស៊ីបណ្តាលឲ្យការ៉ុងស្រូវរអិលមកមុខខ្ទប់កៀបអ្នកបើកទៅនឹងដែកទទឹងដៃចង្កូតត្រូវត្រង់ដើមទ្រូងស្លាប់ភ្លាមៗ។ ហេតុដែលបង្កឲ្យគ្រោះថ្នាក់នេះ សង្ស័យដែកសាក់ស៊ីរ៉ឺម៉កគោយន្តមានសភាពចាស់ នៅពេលដឹកស្រូវធ្ងន់បានបាក់ហើយការុងស្រូវរអិលសង្កត់អ្នកបើកកៀបខ្ទប់នឹងដែកទទឹងដៃចង្កូតគោយន្តស្លាប់តែម្តង។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕




(សៅនៅ)