ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាប្រធានការិយាល័យលំនៅឋាន នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានទទួលមរណភាព កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខណ:កំពុងស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែមានអាការ:សំពាធឈាមឡើងខ្ពស់ ហើយឈាមបុកខ្លាំង បណ្តាលឱ្យសន្លប់បាត់ស្មារតី លុះក្រុមគ្រួសារឃើញសភាពមិនស្រួល ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តប៉ៃលិន ក្រោយមក គ្រូពេទ្យបញ្ជូនបន្តទៅពេទ្យខេត្តបាត់ដំបង តែជាអកុសល គ្រូពេទ្យមិនអាចជួយជនរងគ្រោះបានឡើយ ព្រោះដាច់សរសៃឈាមក្នុងខួរក្បាល  ។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ សោភ័ណ បញ្ញា ភេទប្រុស អាយុ៤៨ឆ្នាំ ជាប្រធានការិយាល័យលំនៅឋាន មានប្រពន្ធ ឈ្មោះ សុខ ចិន្តា មានស្រុកកំណើតនៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានសភាពមិនស្រួល ដោយឈឺក្បាលងងឹតមុខ និងវិលមុខ ក៏ចូលទៅសម្រាកនៅក្នុងផ្ទះរបស់ខ្លួន លុះដោយសារសំពាធឈាមឡើងខ្ពស់ខ្លាំង ក៏បុកឡើង បណ្តាលឱ្យដួលសន្លប់នៅលើគ្រែតែម្តង ។ ក្រោយមកក្រុមគ្រួសារ ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏ប្រញាប់បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង លុះទៅដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ 



រហូតមកដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ សពជនរងគ្រោះ ត្រូវបានគេតម្កល់នៅផ្ទះឯខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និងបូជានៅល្ងាចថ្ងៃដដែល ។ សូមបញ្ជាក់ផងដែរថា ៖ ក្រោយពេលជនរងគ្រោះទទួលមរណភាព រហូតមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តប៉ៃលិន ក៏បានចាត់ឱ្យខាងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ដឹកនាំក្រុមការងារមន្ទីរ យកកំរងផ្កា និងបច្ច័យចំនួន១០០០,០០០រៀល របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងបច្ច័យចំនួន៤,៤៤០,០០០រៀល របស់មន្រ្តីរាជការនៃមន្ទីរនេះ ជូនដល់គ្រួសារសពជនរងគ្រោះផងដែរ ៕