ខេត្តប៉ៃលិន ៖
កសិករមួយចំនួន ដែលដាំដំណាំហូបផ្លែម្យ៉ាង ស្រដៀងទៅនឹងដើមដូង ហៅដើមលម៉ើ បាននាំគ្នារៀបរាប់ត្អូញត្អែរពីការលំបាករកទីផ្សារ និង លំបាកក្នុងការថែទាំ ខណ:ពេល ចាប់ផ្តើមដាំដំបូង ត្រូវសត្វទន្សាយ និងសត្វកាំប្រមាចូលស៊ីបំផ្លាញ លុះដើមធំមានផ្កាផ្លែ ត្រូវសត្វដួងហើរចូលមកស៊ីបំផ្លាញ នាំឱ្យមានការលំបាកយ៉ាងខ្លាំង ។
បើតាមប្រភពព័ត៌មានពីបុរសជាកសិករម្នាក់ ឈ្មោះ វ៉ាន់ សាម៉េត រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់មានដីចំការចំនួន៤ហិកតានៅក្បែ រផ្ទះ ហើយបានដាំ ដំណាំលម៉ើទាំងអស់ ចំនួន៤០០ដើម តែងាប់អស់មួយចំនួននៅសល់ប្រហែល៣០០ដើម ដោយសារតែសត្វដួងចូលស៊ី ។ គាត់បន្តទៀតថា តាមពិតទៅដំណាំលម៉ើ ជាដំណាំមួយប្រភេទ ដែលស្រួលក្នុងការដាំ ដោយសារវា អត់សូវរើសដី ដូចដំណាំផ្សេងៗ ។ គ្រាន់តែដាក់ជីតាមក្បួនខ្នាត និង ស្រោចទឹកគឺវាលូតលាស់យ៉ាងល្អតែម្តង ។ ប៉ុន្តែ ដំណាំនេះ ប្រឈមនឹងសត្វដួងស៊ីបង្ខូចផ្នែកខាងក្នុង បន្ទាប់ពីដំណាំនេះដុះលូតលាស់បានរយ:ពេល៣ទៅ៤ឆ្នាំ ទោះបីជាខិតខំប្រឹងប្រែងដាក់ថ្នាំពុលកំចាត់ក៏មិនឈ្នះដែរ ដោយសារសត្វដួងចូលចិត្តដើមលម៉ើខ្លាំង ព្រោះជារុក្ខជាតិដែលដើមមានរសជាតិផ្អែម ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ទៅទៀតនោះ នៅពេលចាប់ផ្តើមដាំដំបូង គឺប្រឈមនឹងសត្វទន្សាយព្រៃ សត្វកាំប្រម៉ា ចូលស៊ីបំផ្លាញនៅពេលយប់ លំបាកក្នុងការការពារខ្លាំង ។ លើសពីនេះ ក៏ត្រូវជ្រើសរើសពូជដែរ ព្រោះពូជខ្លះហូបបានពេលផ្លែទុំ ពូជខ្លះទៀតហូបបានទាំងផ្លែខ្ចី និងផ្លែទុំ ហើយក៏ជាពូជល្អ សម្រាប់កសិករដែរ ។ លោកបញ្ជាក់ថា ដំណាំលម៉ើនេះ នាំពូជចូលមកពីខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយគេយកពូជមកពីប្រទេសអារ៉ាប់ លោក៏ទិញគេ១ដើមតម្លៃ១០ដុល្លារ យកមកដាក់ដាំសាកល្បងមើល ព្រោះដំណាំប្រភេទនេះ មានប្រយោជន៍ ជួយព្យាបាលរោគក្នុងខ្លួនមនុស្សបានស្ទើរតែ១០០មុខ ពោលគឺជួយប៉ូវកម្លាំង ផ្តល់ថាមពល រក្សាសម្ពាធឈាម ព្យាបា លក្រពះ ពោះវៀន និងទប់ស្កាត់ការជំងឺមហារីកជាដើម ដោយពេលផ្លែទុំ គាត់លក់១គីឡូក្រាមតម្លៃ៦០,០០០រៀល ។
ចំណែកកសិករម្នាក់ទៀត ឈ្មោះ ឃី សារ័ត្ន ភេទប្រុស រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងដែរថា ៖ ចាប់តាំងពីដាំដំណាំលម៉ើរហូតមកដល់ពេលនេះ មានរយ:ពេលជិត៦ឆ្នាំហើយ គឺដាំតាំងពីឆ្នាំ២០១៥មកម្លេះ ។ លោកបន្តថា កាលពីឆ្នាំមុនដំណាំនេះ ផ្លែបានត្រឹមតែ៣ដើម ឆ្នាំ២០២១នេះ ផ្លែបានជាង២០ដើម ដោយប្រមូលផលសម្រាប់ហូបក្នុងក្រុមគ្រួសារប៉ុណ្ណោះ ក៏មានបំណងចង់យកទៅលក់នៅក្រៅប្រទេសដែរ ។ តែមិនអាចរកទីផ្សារបាន អត់ទាន់មានទំនាក់ទំនង អត់មានហាងឆេង គ្រាន់តែឃើញល្មើគេអាចហូបខ្ចីក៏បាន ហូបទុំក៏បាន តែល្មើរបស់គាត់ ហូបបានតែពេលផ្លែទុំប៉ុណ្ណោះ ។ គាត់ទិញកូនពីគេមកដាំក្នុងចំការជាង២០០ដើម លុះធំលូតលាស់ល្អ ក៏ថែទាំកាត់ស្មៅ ដោយមិនសូវមានការស្រោចទឹកច្រើននោះទេ ហើយការដាំដំណាំនេះ គ្រាន់តែជាលក្ខណ:គ្រួសារប៉ុណ្ណោះ ។ ពួកគាត់ទាំងអស់គ្នាខាងលើ ក៏ស្នើសុំឱ្យខាងមន្ទីរកសិកម្មខេត្ត ជួយរកវិធីដើម្បីព្យាបាលដំណាំលម៉ើកុំឱ្យសត្វដួងស៊ីងាប់ច្រើន និងឱ្យជួយរកទីផ្សារ សម្រាប់លក់ដូរ បានថវិកាយកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ ៕