ខេត្តប៉ៃលិន ៖ 

កសិករមួយគ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាដំណាំធូរេនរបស់ខ្លួន ជាង៦០០ដើម ដែលងាប់ជាបណ្តើរៗ ដោយសារខ្វះខាតទឹកអូរបូមស្រោច ខណ:ទឹកអូរ ដែលហូរធ្លាក់មកពីលើរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ត្រូវបានក្រុមហ៊ុនទឹកស្អាតមួយ បានបិតយកទឹកអស់ ទុកសម្រាប់លក់ខ្លួនឯង ដែលធ្វើឱ្យគាត់ និងប្រជាពលរដ្ឋដទៃទៀតរាប់រយគ្រួសារ ដែលរស់នៅដាំដំណាំនៅក្បែរៗ មាត់អូរ គ្មានទឹកស្រោចស្រព បណ្តាលឱ្យងាប់ រងការខូចខាតអស់ច្រើន ។ 




បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ផាន់ ឡេង អាយុ៥៧ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ទាំងការព្រួយបារម្ភចំពោះដំណាំធូរេនរបស់ខ្លួនឱ្យដឹងថា ៖ គាត់បានដាំ ដំណាំធូរេននេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ក៏ទទួលបានផលផ្លែលក់ជាហូរហែ ក្រោយពីដាំបានរយ:ពេល៥ឆ្នាំ ។ ប្រភពបន្តទៀតថា នៅឆ្នាំ២០២១នេះ គាត់ទទួលរងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ បានបោកបក់ធ្វើឱ្យធ្លាក់ផ្លែធូរេនជិតទុំ នៅក្នុងចំការអស់ជាង១០០ផ្លែ ធ្វើឱ្យខាតបង់អស់ច្រើន ។ លើសពីនេះ ដំណាំធូរេន របស់ខ្លួនអត់មានទឹកបូមស្រោចនោះទេ ព្រោះទឹកនៅក្នុងអូររីងខះអស់ ដោយសារមានក្រុមហ៊ុនទឹកស្អាតមួយយីហោ «ថូម៉ាក់» បានដាក់ទុយោទប់យកទឹកប្រើប្រាស់លក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន តែម្នាក់ឯង មិនឱ្យហូរចូលអូរបាននោះឡើយ ។ រីឯគាត់ និងប្រជាពលរដ្ឋដទៃទៀតរាប់រយគ្រួសារ រស់នៅផ្នែកខាងក្រោម ក្បែរៗមាត់អូរ ខ្វះខាតទឹក ដោយជួនកាលពេលរដូវក្តៅខ្លាំង ធ្វើឱ្យទឹកអូររីងស្ងួតអស់ លុះអត់ទឹកប្រើក៏ព្រលែងដំណាំធូរេនចោល លុះដើមធូរេនមានផ្កា ក្តិប គឺជ្រុះស្ទើរអស់ពីលើដើមតែម្តង ។ 





គាត់បញ្ជាក់ថា រាល់ថ្ងៃបើសិនជាមានភ្លៀងធ្លាក់ ទើបមានទឹកហូរចូលក្នុងអូរ ដើម្បីបូមស្រោ ចស្រពដំណាំរបស់ខ្លួន តែបើរាំងស្ងួតយូរពេក គឺអត់មានទឹកហូរធ្លាក់ចូលអូរនោះឡើយ ព្រោះក្រុមហ៊ុនខាងលើ បានបិតស្ទាក់ទុកទឹកអសរលីង ជាង១០ឆ្នាំមកហើយ ដែលធ្វើឱ្យពួកគាត់រស់នៅលំ បាកវេទនា ទោះបីជាប្តឹងទៅខាងភូមិ សង្កាត់  ឱ្យជួយរកដំណោះស្រាយ ក៏មិនបានផលអ្វីនោះទេ ។ ការខ្វះខាតទឹកប្រើប្រាស់នេះ មិនមែនតែគាត់ម្នាក់នោះទេ គឺប្រជាពលរដ្ឋរគ្រួសារ ដែលរស់នៅក្បែរដងអូរនេះដែរ ។  ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គង់ វណ្ណា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ពាក់ព័ន្ធទៅនឹងបញ្ហាក្រុមហ៊ុនទឹកស្អាត បិតទឹកផ្នែកខាងលើ បណ្តាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងអូរ រហូតមកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ក្រុមការងារឱ្យដុតដៃដុតជើង ចុះដោះស្រាយ ជាមួយនឹងក្រុមហ៊ុនខាងលើ ដោយធ្វើយ៉ាងណា ត្រូវមានអាងទឹកស្តុកសម្រាប់ក្រុមហ៊ុន រីឯទឹកអូរធម្មជាតិ ត្រូវបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំដាំដុះរបស់ខ្លួន ៕