ខេត្តប៉ៃលិន ៖ កងកម្លាំងសមត្ថកិច្ចចុះឃាត់ និងណែនាំដល់ម្ចាស់រថយន្តធន់ធំក្រោយពីរថយន្តធន់ធំ១គ្រឿងដឹកផ្ទាំងដែកសំណាញ់ក្រឡាប់ចាក់ចោលពេញផ្លូវនៅចំណុចវិមានឯករាជបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ។ ម្យ៉ាងវិញទៀត ការបើកបររថយន្តធំៗ ចូលក្នុងក្រុងគឺបំពាននឹងបំរាមរបស់រដ្ឋបាលខេត្តប៉ៃលិនផងដែរ ។ហេតុការណ៍ចុះឃាត់រថយន្តធន់ធំបើកបរចូលក្នុងក្រុងនេះ បានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃ១៦ ខែឧសភាឆ្នាំ២០២១ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវបំបែកចម្ការកាហ្វេ ស្ថិតនៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន។




លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងរងទទួលបន្ទុកផែនចរាចរណ៍នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ៖  ក្រោយមានការណែនាំពីលោកជំទាវ បាន ស្រមុំ អភិបាលខេត្ត និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ស្តីពីការហាមប្រាមរថយន្តដឹកទំនិញធន់ធំបើកបរចូលក្នុងក្រុងជាដាច់ខាត ជាពិសេសគឺនៅពេលថ្ងៃតែម្តង ។ លោកស្នងការរងបានបញ្ជាក់ថា ចំពោះរថយន្តចាប់ពីផ្ទុកទម្ងន់៣តោនកន្លះឡើងទៅមិនអនុញាតឲ្យបើកបរចូលក្រុងជាដាច់ខាត ។  ហើយក្នុងការចុះឃាត់ណែនាំនេះ ខាងកម្លាំងសមត្ថកិច្ចឃាត់បានរថយន្តជាច្រើនគ្រឿង ដោយនៅថ្ងៃដំបូងនេះ គ្រាន់តែណែនាំឱ្យម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរចូលក្នុងក្រុង គឺមិនធ្វើការផាកពិន័យទៅលើពួកគាត់នោះឡើយ ៕