ខេត្តស្វាយរៀង៖

ប្រជាពលលរដ្ឋចំនួន ២ គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពី ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ  និងផ្ទះទាំងស្រុង ចំនួន ២  ក្នុងស្រុកកំពង់រោទិ៍ ឃុំ  គឺឃុំព្រះពន្លា ១ ខ្នង និងឃុំត្នោត ១ ខ្នង នៅ ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០  ខែ ឧសភា ឆ្នាំ២០២១ នេះ ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី នាំយកទៅផ្តល់ជូន  ។ 




មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ ហើយសូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ព្រោះចាប់តាំងពី ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើង ទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជា ដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺ ដ៏កាចសាហាវនេះ ហេតុនេះសូម បងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់ សង្គមជាតិយើង ។ អំណោយដែលបានចែកជូនទាំង ២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ២០០,០០០ រៀល ។