ខេត្តប៉ៃលិន ៖
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគល់ប្រាក់ លើកទឹកចិត្ត ចំនួន៥.០០០.០០០រៀល ជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់កងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលមានស្នាដៃល្អ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ។សូមបញ្ជាក់ថា ៖ ក្រោយពីនគរបាលអធិការក្រុងប៉ៃលិន បានចាប់ឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ លុះតាមស៊ើបអង្កេតបន្តទៀត ស្រាប់តែរកឃើញអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៦នាក់ រួមជាមួយនឹងវត្ថុតាងគ្រឿងញៀនដ៏ច្រើន គួរឱ្យកត់សម្គាល់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចទល់មុខរោងចក្រដំឡូងមីចិន ជាប់ព្រំប្រទល់រវាងភូមិប៉ាងរ លឹម និងភូមិភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ជំហានដំបូង កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ស៊ីលុយ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ លុះក្រោយពីសួរនាំជនសង្ស័យម្នាក់ខាងលើរួចមក ទើបមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ពន្លាតដែនសមត្ថកិច្ច ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានការសម្របសម្រួលពី លោក គង់ ចន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានធ្វើការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ហើយក៏បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ ក្នុងនោះស្រី០៣នាក់រួមមានដូចខាងក្រោម ៖
ទី១- ឈ្មោះ វ៉ា សាស៊ី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ (ប្ដី) (តេស្តវិជ្ជមានសារធាតុ ញៀន) ទី២- ឈ្មោះ យឿត យ៉ារី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ (ប្រពន្ធ) (តេស្តអវិជ្ជមាន សារធាតុញៀន) ។ ទី៣-ឈ្មោះ វ៉ាន់ នាង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ (តេស្តវិជ្ជមានសារធាតុញៀន) ។ ទី៤- ឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ (តេស្តវិជ្ជមានសារធាតុញៀន) ទាំងអស់គ្នារស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទី៥-ឈ្មោះ លី ស៊ីណូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (តេស្តវិជ្ជមានសារធាតុ ញៀន) និងទី៦- ឈ្មោះ ធឿន ចន្ទ្រា ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គ ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (តេស្តវិជ្ជមានសារធាតុញៀន) ។ វត្ថុតាងដែលសមត្ថកិច្ចនគរបាល ដកហូតបានសរុបមាន ៖ ម្សៅក្រាមព៌ណសថ្លា (សង្ស័យម៉ាទឹកកក) ចំនួន២៧កញ្ចប់ (ក្នុងនោះធំ១៣កញ្ចប់) ថ្នាំញៀនប្រភេទWYពណ៌ក្រហមចំនួន៣៣៩គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៧គ្រឿង ថង់ប្លាស្ទិចចំនួន០២ដុំ ដែកកេះចំនួន០៥ដើម ដបសម្រាប់ជក់គ្រឿងញៀនចំនួន០១ កាំភ្លើងច្នៃចំនួន០២ដើម ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលក្រុងប៉ៃលិន កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕