ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ គេសង្កេតឃើញ កំរិតរបបទឹកភ្លៀងធ្លាក់ នាដើមឆ្នាំថ្មីនេះ ហាក់ដូចជាមានច្រើនជាងឆ្នាំ២០២០កន្លងទៅ ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការប្រកបមុខរបរធ្វើស្រែចំការ អ្នកខ្លះព្រោះស្រូវ ខ្លះទៀតដាំពោតក្រហម និងដំឡូងមីជាដើម ។
បើតាមប្រភពព័ត៌មានពីកសិករម្នាក់ ឈ្មោះ កាវ ភិន ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធ ឈ្មោះ ឡី តែក អាយុ៥៥ឆ្នាំដូចគ្នា រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ គ្រួសារគាត់ បានដាំដំឡូងមីចំនួន៦ហិកតា ហើយដាំបានរយ:ពេលជាង១ខែមកហើយ ។ ចាប់តាំងពីដាំដំឡូងមី រហូតមកដល់ពេលនេះ ដំណាំដំឡូងរបស់គាត់ដុះលូតលាស់យ៉ាងល្អ មិនមានងាប់ដើមដូចឆ្នាំមុនៗ នោះទេ ព្រោះនៅដើមឆ្នាំ២០២១នេះ ភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុន ខណ:តម្លៃទីផ្សារដំឡូងមី ក៏ឡើងខ្ពស់ជាងឆ្នាំមុន ដោយ១គីឡូក្រាម ឈ្មួញទិញជាង២បាត (ប្រាក់ថៃ) ។ គាត់បន្តទៀតថា ទោះបីយ៉ាងណា ក្រោយពីប្រមូលផលលក់ឱ្យឈ្មួញរួច បានប្រាក់យកសងជំពាក់បំណុលគេ គាត់ក៏ចាប់ផ្តើមជួលត្រាក់ទ័រភ្ជួរដីក្នុងចំការ ដាំដំឡូងមីសារថ្មីឡើងវិញ ហើយក៏ដុះលូតលាស់ខៀវខ្ចី ជាហេតុធ្វើឱ្យគាត់ពីរនាក់ប្តីប្រពន្ធ នាំគ្នាអង្គុយបោចស្មៅមិនខ្លាចនឿយហត់នោះឡើយ ។
គាត់បានបញ្ជាក់ទៀតថា តាមខាងធនធានទឹក និង ឧត្តុនិយមប្រកាសថា ៖ នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ ដូច្នេះ ដំឡូងមីរបស់គាត់កាន់តែល្អ មិនបារម្ភខ្វះទឹកងាប់ដើមដែលកំពុងលូតលាស់នោះឡើយ ហើយបើសិនជាតម្លៃទីផ្សារនៅតែខ្ពស់ដដែល ទៀត ពួកគាត់អាចនឹងសងជំពាក់បំណុលគេរួចរាល់ អាចនឹងសល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន បានឱ្យដឹងថា ៖ របបទឹកភ្លៀងនាឆ្នាំ២០២១នេះ មានច្រើនជាងឆ្នាំ២០២០ ព្រោះភ្លៀងធ្លាក់ចាប់តាំងពីដើមឆ្នាំថ្មីនេះ ជាហូរហែមក ហើយក៏នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត មិនខ្វះទឹកនៅតាមដងស្ទឹង ឬអូរ ក៏ដូចជាទឹកភ្លៀងធ្លាក់ទៅលើដំណាំពោតក្រហម ដំឡូងមីនោះឡើយ ។ លោកបន្តទៀតថា ទោះបី ជាយ៉ាងណា ទឹកភ្លៀងនៅឆ្នាំនេះ បានធ្លាក់សព្វទីកន្លែងក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលជាអំណោយផល សម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលដំណាំ មិនព្រួយបារម្ភងាប់ដើមនោះឡើយ ។ ប៉ុន្តែ ក៏ត្រូវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុង និងស្រុក មានការប្រុងប្រយ័ត្ននឹងករណីភ្លៀងលាយខ្យល់កន្រ្តាក់ ផ្ទររន្ទះ ដោយខាងក្រសួងក៏បានប្រកាសហើយថា នឹងមានករណីភ្លៀងលាយខ្យល់កន្រ្តាក់ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។ ម្យ៉ាងវិញទៀត បើប្រៀបធៀបទៅនឹងឆ្នាំមុន ឃើញថា អត់សូវមានករណីគ្រោះធម្មជាតិ ដោយសារខ្យល់កន្រ្តាក់ខ្លាំង និងមិនមានកើតរន្ទះបាញ់មនុស្សសត្វស្លាប់ដូចឆ្នាំមុនៗដែរ ព្រោះមេឃអត់សូវក្តៅ ដូច្នេះហើយករណីគ្រោះធម្មជាតិក៏មិនសូវមានកើតឡើងដែរ ៕
ដោយ ៖ នីយ៉ា