ខេត្តកំពង់ឆ្នាំង :

នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា   ឆ្នាំ ២០២១នេះទឹកប្រាក់ចំនួន 2 លានរៀលរួមនិង ភេសជ្ជៈមួយចំនួនដែលជាអំណោយ ដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ត្រូវបាន លោកស្នងការរងឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន  នាំយកទៅប្រគល់ជូនកុមារីអាយុ 8 ឆ្នាំ ដែលរងគ្រោះដោយឪពុកបង្កើតចាប់រំលោភពេលកន្លង និង បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។


ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី អៀប៊ុនធឿន បានមានប្រសាសន៍ក្នុងពេលនេះថាដោយមើល ឃើញពីភាពលំបាក របស់កុមារីរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភដល់កុមារីរងគ្រោះនូវទឹកប្រាក់ចំនួន 2 លានរៀល រួមទាំងសម្ភារហូបចុកមួយចំនួនមានទឹកដោះគោ ស្កសរ ទឹកសេរ៉ូ និងទឹកក្រូចចំនួន 3កេសផងដែរ ។ ហើយជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក៏បានជួយឧបត្ថម្ភនូវទឹកក្រូចចំនួន 10កេះ ជូនដល់ក្រុមគ្រូពេទ្យនៅក្នុងអគារសម្ភព ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលកុមារីរងគ្រោះទៀតផងដែរ ។


ក្នុងឱកាសនេះផងដែល លោកវិជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរង ដែលបាននាំ អំណោយជាភេសជ្ជៈ  មកដល់ជូនក្រុមគ្រូពេទ្យនៅពេលនេះផងដែរ។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី 15 ខែមិថុនាឆ្នាំ 2021 កុមារីអាយុ 8 ឆ្នាំ មានទីលំនៅ ស្រុកសាមគ្គីមានជ័យបានរងគ្រោះដោយឪពុកបង្កើត ឈ្មោះ សេង ចន្ឋី អាយុ 28ឆ្នាំចាប់រំលោភរកបានសម្រេចបណ្ដាលឱ្យកុមារីរងគ្រោះរងរបួសជាទម្ងន់ហើយត្រូវបានដឹកយកមកព្យាបាលនៅមន្ទីរពេទ្យចំណែកជនដៃដល់ត្រូវបានប៉ូលិសតាមចាប់ខ្លួនបាននៅថ្ងៃទី 17 ខែមិថុនា គឺក្រោយកើតហេតុ២ថ្ងៃ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងជាប់ក្នុងពន្ធនាគារតាមផ្លូវច្បាប់ ៕