ខេត្តកំពង់ចាម ៖  

នៅក្នុងឱកាស អញ្ជើញចុះពិនិត្យដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅភូមិជ្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ដែលបានស្នើសុំមករដ្ឋបាលខេត្ត ស្តារអាងទឹកទន្លេអុំ ដើម្បី តំកល់ទឹក សម្រាប់បម្រើឱ្យវិស័យកសិកម្ម នៅក្នុងមូលដ្ឋាន កាលពីព្រឹថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានស្នើឲ្យមន្ត្រីជំនាញ បន្តការសិក្សាបន្ថែមទៀត ដើម្បី មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការដាក់សំណើជូនក្រសួងធនធានទឹក  ធ្វើការស្តារអាងទឹកទន្លេអ៊ុ នេះ ។ កិច្ចប្រជុំ និងការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ទីរ-អង្គភាពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋក្នុងសហគមន៍ ចូលរួមជាច្រើននាក់ ផងដែរ ។ 





ក្នុងឱកាសនោះ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយសារអាងទន្លេរអុំនេះ មានសភាពរីងរាក់ដោយអន្លើ ហើយកន្លងទៅ ក៏មានការជីកយកដីបាតអាង ពីសំណាក់ក្រុមឈ្មួញ ដោយមិនមានច្បាប់ត្រឹមត្រូវ និងមិនស្របទៅតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្សេងៗ ។ ឯកឧត្ដមបញ្ជាក់ទៀតថា ដោយឡែក នៅថ្ងៃនេះ ក្រុមការងារចម្រុះថ្នាក់ខេត្ត នឹងចុះពិនិត្យវាយតម្លៃ និងឱ្យមន្ត្រីជំនាញ បន្តសិក្សាបន្ថែមឱ្យបានល្អិតល្អន់ ដើម្បី មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការដាក់សំណើរជូនក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារអាងទឹកនេះ ដើម្បី ជាប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋាន ។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវចុះហាមឃាត់ជាបន្ទាន់ រាល់ការជីកយកដី ឬការទន្ទ្រានកាន់កាប់ណាមួយ ពីសំណាក់ជនខិលខូច និងក្រុមឈ្មួញ ទៅលើបឹងធម្មជាតិនេះផងដែរ ៕