ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ស្នើឲ្យក្រុមហ៊ុនទទួលការ ពន្លឿនការងារសាងសង់ច្រាំងទន្លេ ពីព្រោះថា រដូវទឹកតម្លើងជិតឈានចូលមកដល់ ។ ការស្នើឡើងនេះ ខណៈដែល ឯកឧត្ដម អមដំណើរដោយ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងការសាងសង់ច្រាំងទន្លេ ប្រវែង ២.០០០ម៉ែត្រ នៅតំបន់កោះតូច ស្ថិតនៅក្នុងឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងស្ថិតនៅក្នុងឃុំសូរគង នៃស្រុកកងមាស ដើម្បី ត្រៀមលក្ខណៈការពារបាក់ស្រុតច្រាំងទន្លេ  ខណៈដែលរដូវវទឹកតម្លើង ឈានចូលមកដល់ឆាប់ នាពេលខាងមុខនោះ ។


ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនាភាព គម្រោងខាងលើ ឯកឧត្ដម អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា ចំណុចដែលត្រូវធ្វើការស្ថាបនា ដើម្បី ការពារបាក់ច្រាំងទន្លេនេះ មានចំនួន ៣កន្លែង គឺ ៖ ១កន្លែង ស្ថិតនៅក្នុងឃុំឬស្សីស្រុក  ២កន្លែង ស្ថិតនៅក្នុងឃុំកោះអណ្តែត ក្នុងស្រុកស្រីសន្ធរ និងកន្លែងទី៣ ស្ថិតក្នុងឃុំសូគង ស្រុកកងមាស ដែលសរុប ប្រវែង ២.០០០ម៉ែត្រ ។ ឯកឧត្ដម បានបន្តថា កន្លងមក នៅរដូវទឹកជំនន់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រ នៃស្រុកទាំងពីរខាងលើ គឺមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លី បង្កបង្កើតផល របស់ប្រជាពលរដ្ឋ ។ ដោយមើលឃើញ ពីបញ្ហាទុក្ខលំបាកទាំងនេះ ទើបអាជ្ញាធរខេត្តកំពង់ចាម បានស្នើសុំទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ស្ថាបនាច្រាំងស្ថិតនៅក្នុងតំបន់ប្រឈមនេះ ដើម្បី ការពារកុំឲ្យបាក់ស្រុត ជាបន្តទៀត ។ ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ដែរថា ផ្អែកតាមការវាយតម្លៃជាក់ស្ដែង ការស្ថាបនា គម្រោងសាងសង់ការពារច្រាំង ខាងលើ  មកដល់ពេលនេះ សម្រេចលទ្ធផលសាងសង់បានប្រមាណជា ៦០ ភាគរយ ហើយ  ដោយរំពឹងទុកថា កិច្ចការនេះ  នឹងស្ថាបនារួចរាល់ នៅក្នុងដើមរដូវវស្សា ពោលគឺ អាចរួចរាល់ នៅមុនពេលទឹកទន្លេមេគង្គឡើងមកដល់ ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានជម្រុញដល់ក្រុមហ៊ុនទទួលការ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសគម្រោង ជាពិសេស  ការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ក្នុងចន្លោះចំណុចស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បី បញ្ជៀសការបាក់ស្រុតច្រាំងទន្លេ បន្តទៀត ផងដែរ ។  


បើតាមការបញ្ជាក់ ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក បានឲ្យដឹងថា  គម្រោងសាងសង់ច្រាំងទន្លេនេះ ក្រុមការងារបច្ចេកទេសយើង បានរៀបចំបាវខ្សាច់ (Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង ២.០០០ម៉ែត្រ ដោយបានបូមខ្សាច់ធ្វើបាតចាប់ពីដើមខែមេសា  ក្នុងជំហានទី ១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ ហើយបន្ត នៅក្នុងជំហានទី២ ឲ្យបាន ៨,៥ម៉ែត្រ ស្មើនឹង៥០% នៃកម្ពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី ៣ ទៀត រហូតដល់កំពស់ ១២ម៉ែត្រ ទើបបញ្ចប់គម្រោងទាំងស្រុង ដែលស្មើនឹង ៧៥% នៃកម្ពស់ច្រាំងទន្លេ ។ ក្នុងនោះ ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកម្ពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ ផងដែរ ៕