ខេត្តរតនគិរី៖
ឯកឧត្តម គិត ទ្រីអភិបាលរងខេត្តរតនគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកលំផាត់ បានអញ្ជេីញចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងចែកប័ណ្ណសរសេីរ លិខិតសរសេីរ និងថវិការពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ នៅស្រុកលំផាត់។កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនារសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១ មានការចូលរួមក្រុមការងារចុះមូលដ្ឋាន អភិបាល អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន មេឃុំ មេប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងអង្គប្រជុំនេះឯកឧត្តម គិត ទ្រី បានមានប្រសាសន៍កោតសរសើរចំពោះវត្តមានចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ដោយបានពិនិត្យ កែសម្រួល និងផ្ដល់យោបល់បន្ថែមទៅលើចំណុចខ្វះខាតផ្សេងៗ និងបានខិតខំយកចិត្តទុកដាក់ធ្វើការងារ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាឆ្នាំកន្លងមកនេះ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ដ៏លំបាកនេះក្ដី ក៏នៅតែខិតខំបំពេញការងារបានយ៉ាងល្អ។ ឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យក្រុមការងារទាំងអស់ បន្ដអនុវត្តតាមវិធាន៣ការពារ ៣កុំ ២ចូលរួម តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយខ្ជាប់ខ្ជួន ទោះបីជានៅផ្ទះ ឬនៅកន្លែងការងារ ឬកន្លែងណាមានមនុស្សចេញចូលច្រើន គឺត្រូវលាងដៃ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ដើម្បីការពារខ្លួន និងសហគមន៍របស់យើងពីជំងឺដ៏កាចសាហាវនេះ។ឯកឧត្តម បានជម្រុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដោយមានស្មារតីខ្ពស់ មានឆន្ទៈ មនសិការ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការឱ្យមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងកិច្ចការគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនរដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ ឯកឧត្តម គិត ទ្រី បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ឯកឧត្តមបន្តថា អាជ្ញាធរភូមិ ឃុំ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត។ហើយក៏បានចែកប័ណ្ណសរសេីរ លិខិតសរសេីរ និងថវិកាពានរង្វាន់ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជូនដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ ទាំង០៦ ឃុំ ក្នុងនោះក៏មានថវិកាមួយចំនួនទៀតផងដែរ៕