ខេត្តប៉ៃលិន ៖ ជារៀងរាល់ថ្ងៃ អស់រយ:ពេលជិត១ខែ កន្លងមកហើយ មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីប្រមាណ៣០០នាក់ បានតម្រង់ជួរគ្នា ដើម្បីទទួលយកនូវបាយប្រអប់ទៅទទួលទាន ដោយក្នុង១ថ្ងៃទទួលបានអាហារនេះចំនួន២ដង គឺពេលថ្ងៃត្រង់ និងពេលល្ងាច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារ រដ្ឋបាលសាលាខេត្តប៉ៃលិន បានរៀបចំអាហារប្រ អប់ដាក់តម្រៀបជួរនៅលើតុ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយអាជ្ញាធរខេត្តសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ ជាពិសេសកម្មករសំណង់ និងអ្នករត់ម៉ូតូឌុប ដែលជួលផ្ទះគេស្នាក់នៅ មានជីវភាពខ្វះខាត លំបាកក្នុងការចេញទៅរកការងារធ្វើកន្លែងឆ្ងាយ ដោយសារជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបក្រុមការងារ បានរៀបចំអាហារកញ្ចប់នេះ ផ្តល់ជូនពួកគាត់យកទៅទទួ លទាន ដោយម្នាក់ៗ ទទួលបានបាយម្ហូប ១ប្រអប់ សម្ល១ថង់ និងទឹកសុទ្ធ១ដបផងដែរ ។ ប្រភពប ន្តទៀតថា ការផ្តល់អាហារជូនពួកគាត់នេះ ដើម្បីជួយសម្រួលជីវភាព ខណ:អ្នកខ្លះអត់ការងារធ្វើ ព្រោះកន្លែងការងារត្រូវបានបិទផ្អាក និងខ្លះទៀតធ្លាប់ឆ្លងដែនចេញចូលទៅធ្វើការនៅប្រទេសថៃពេលព្រឹក ហើយចូលមកវិញនាពេលល្ងាច លុះក្រោយពីគេបិទច្រកទ្វារអន្តរជាតិព្រំ មិនអាចចេញចូលបាន ទើបធ្វើឱ្យម្នាក់ៗ ជួបនឹងបញ្ហាជីវភាពប្រចាំថ្ងៃ ។
លើសពីនេះ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងតែជួបនឹងបញ្ហារាំងស្ទះដោយសារជំងឺកូវីដ-១៩ ទើបចាត់ចែងឱ្យក្រុមការងាររៀបចំជាអាហារប្រអប់ ផ្តល់ជូនពួកគាត់ ជារៀងរាល់ថ្ងៃ ដើម្បីជួយសម្រួលការលំបាក ទម្រាំតែវិបត្តិជំងឺកូវីដ-១៩ ត្រូវផុតរលត់ចេញពីខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាផងដែរ ។
ចំណែកប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីខាងលើ ក៏បាននាំគ្នាតម្រង់ជួរ មកទទួលយកម្ហូបអាហារម្នាក់ម្តងៗ ដែលភាគច្រើនគឺក្មេងតូចៗ ហើយពួកគេមានការសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការយកបាយប្រអប់ទៅផ្ទះរបស់ខ្លួន ដើម្បីនាំគ្នាហូបជួបជុំគ្រួសារ ។ លើសពីនេះ រដ្ឋបាលខេត្ត ក៏នៅតែបន្តធ្វើការផ្តល់អាហារបែបនេះ រហូតដល់ពេលដែលជំងឺដ៏កាចសាហាវមួយនេះ ត្រូវបានផុតរលត់ បញ្ចប់នៅថ្ងៃខាងមុខ ។ តែក៏មានការណែនាំពួកគាត់ ឱ្យពាក់ម៉ាស លាងដៃនឹងជែល ឬអាល់កុល ព្រមទាំងពន្យល់ពីរបៀបការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ផងដែរ ៕
ដោយ ៖ នីយ៉ា