ខេត្តប៉ៃលិន ៖ ជនជាតិវៀតណាមចំនួន៥នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បញ្ជូនទៅកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយចាប់ខ្លួនបន្ទាប់ពីលួចឆ្លងដែនដោយខុសច្បាប់កាលពីពេលកន្លងទៅ លុះក្រោយពេលធ្វើចត្តាឡីស័ករួច ក៍ត្រៀមបញ្ជូនតែម្តង ។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ដប៉ៃលិន បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះ បានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងខេត្តស្វាយរៀង ហើយក៍ធ្វើដំណើររហូតមកដល់ខេត្តប៉ៃលិន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
លោក សេង សុគន្ធ បានឲ្យដឹងទៀតថា ជនជាតិវៀតណាមទាំងនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក កម្រិត១ នៅផ្ទះសំណាក់ភ្នំយ៉ាត ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បច្ចុប្បន្នពួកគេ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ៕
ដោយ ៖ នីយ៉ា