ខេត្តប៉ៃលិន ៖ 

ក្រោយពីក្រុមការងារសម្អាតគ្រាប់មីនស៊ីម៉ាក់(CMAG) បានបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅចំណុចដីព្រៃក្នុងភូមិស្រែអន្ទាក់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រហូតមកដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ទីរកសិកម្មខេត្តប៉ៃលិន សហការជា មួយនឹងក្រុមការងារកំចាត់មីន ស៊ីម៉ាក់ (CMAG) បានបើកវគ្គបណ្តុះបណ្តាលពីរបៀបដាំដុះបន្លែបង្កា និងរបៀបចិញ្ចឹមសត្វ នៅត្រង់ចំណុចដីបោសសម្អាតគ្រាប់មីនរួចរាល់ ។ 



នៅក្នុងការបើកវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋពីរបៀបដាំដំណាំ និងចិញ្ចឹមសត្វ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានណែនាំប្រជាពលរដ្ឋ ឱ្យដឹងថា ៖ នៅក្នុងភូមិស្រែអន្ទាក់ ក៏ដូចជាភូមិនានា ក្នុងស្រុកសាលាក្រៅ ប្រជាពលរដ្ឋទាំងអស់សុទ្ធតែអាចដាំដុះបន្លែ និងដំណាំផ្សេងៗបានដោយខ្លួនឯង ដោយមិនមែនតាមរបៀបបច្ចេកទេសនោះទេ ។ ដូច្នេះហើយ ទើបខាងមន្ទីរកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត ឱ្យដឹងពី របៀបដាំ រួចក្រោយពេលដំណាំដុះលូតលាស់បានល្អ ចេះពីរបៀបថែទាំ និងអាចព្យាបាលជំងឺរុក្ខជាតិថែមទៀតផង ។ លោកបន្តទៀតថា ការចេះដាំដំណាំ ជាលក្ខណ:តៗ គ្នា អាចជួបនឹងបញ្ហាប្រឈមមួយចំនួន ខណ:ដែលប្រជាពលរដ្ឋមិនចេះពីរបៀបថែទាំ ប្រើប្រាស់ជី និងវិធីព្យាបាលឱ្យ បានត្រឹមត្រូវ ពោលគឺធ្វើឱ្យខាតពេលវេលា និងថវិកាថែមទៀតផង ។ 




លោកបញ្ជាក់ថា សូមឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ស្តាប់ គ្រូឧទ្ទេសនាម ដែលចុះទៅបង្រៀនដោយយកចិត្តទុកដាក់ ដើម្បីយកទៅអនុវត្តជាក់ស្តែង នៅលើដីចំការរបស់ខ្លួន សម្រាប់បង្កបង្កើនផលដំណាំ និងចិញ្ចឹមសត្វ លក់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ លើសពីនេះ ប្រជាកសិករ ត្រូវរកកន្លែងមានប្រភពទឹក ដើម្បីងាយស្រួលបូមស្រោចដំណាំរបស់ខ្លួន ពេលរាំងភ្លៀង ឬរដូវប្រាំងជាដើម ។ សូមបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលនេះ មានជាបន្តបន្ទាប់ ដូចជា ការដាំបន្លែ ការដាំពោត ក្រហម ដំឡូងមី ការចិញ្ចឹមមាន់ កង្កែប ឃ្មុំ និងផ្តល់ពូជកង្កែបជូនប្រជាពលរដ្ឋក្នុងបន្តុំកសិករផងដែរ ៕