ខេត្តប៉ៃលិន ៖
ដោយសង្កេតឃើញប្រព័ន្ធលូបង្ហូរទឹកនៅក្បែរចិញ្ចើមផ្លូវ តែងតែស្ទះទឹក ពេលភ្លៀងធ្លាក់ម្តងៗ ធ្វើឱ្យហូរបាចសាចនៅលើដងផ្លូវ ទើបនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឱ្យយកគ្រឿងចក្រទៅបើកគម្របលូ ស្តារកកាយយកកាកសំណល់សំបកដប សំបកថង់ប្លាស្ទិក ចេញពីក្នុងលូមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្នុងការចុះពិនិត្យមើលការស្តារប្រព័ន្ធលូ ដែលស្ទះដោយកាកសំណល់សំរាមនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ សូមឱ្យពុកម៉ែបងប្អូនជួយពិចារណាមើលថា នេះជាកំហុសអ្នកណា បើស្រែកថាអត់ផ្លូវ រដ្ឋាភិបាលធ្វើផ្លូវជូន លុះពេលមានផ្លូវ មានប្រព័ន្ធលូ ១កំប្លេហើយ លុះពេលភ្លៀងធ្លាក់មក បែរជាទឹកលិច ហើយស្រែកថា រដ្ឋាភិបាល ឬអាជ្ញាធរ មិនមើល មិនមានសមត្ថភាពក្នុងការគ្រប់គ្រង ។ លោកជំទាវអភិបាលខេត្តបន្តទៀតថា បងប្អូនមើលរូបភាពទាំងនេះ ថាតើជាកំហុសអ្នកណាអោយពិតប្រាកដ ។ ពេលឃើញស្ថានភាពស្តារ កកាយកាកសំ ណល់ ចេញពីក្នុងប្រព័ន្ធលូបបែបនេះ លោកជំទាវ ក៏អាណិតដល់បងប្អូនបុគ្គលិក កម្មករនៅក្នុងវិស័យគមនាគមន៍យ៉ាងខ្លាំង ដោយក្នុង១ថ្ងៃៗ ដើរស្តារកើបចេញកាកសំណល់សំរាមពីក្នុងលូ មានទាំងក្លិនស្អុយ លុះយកចេញអស់ពីខាងមុខ សំរាមហូរចូលពេញពីខាងក្រោយ ព្រោះកិច្ចការទាំងអស់នេះ មិនមែនជាតួនាទី របស់មន្រ្តីណាម្នាក់ ដែលត្រូវធ្វើការស្តារកកាយនោះទេ គឺជាតួនាទីរបស់យើងគ្រប់រូប ហើយក៏សូមឱ្យចូលរួមថែរក្សាអនាម័យទាំងអស់គ្នា កុំបោះសំបកថង់ ឬសំបកដបជ័រ ចូលទៅក្នុងប្រព័ន្ធលូបន្តទៀត ។
លោកជំទាវបញ្ជាក់ថា បើយើងមានផ្លូវស្អាត មានលូបង្ហូរទឹកល្អហើយ វាជាតួនាទីយើងគ្រប់គ្នា ក្នុងការថែទាំអនាម័យ ដើម្បីប្រើប្រាស់បំរើផលប្រយោជន៍រួមទាំងអស់គ្នា ហើយនេះ ជាជ្រុងមួយដ៍សំខាន់ នៃការចូលរួម កាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាល ។ បើយើងមិនបានធ្វើអ្វីតបស្នងសងគុណវិញ ចំពោះការគិតគូរ ដោះស្រាយគ្រប់បញ្ហា របស់ប្រមុខរដ្ឋាភិបាល ចំពោះយើង ក៏គួរតែនាំគ្នារក្សាអនាម័យផ្ទះសម្បែង កន្លែងទីសាធារណឱ្យបានល្អ ជៀសវាងបោះកាកសំណល់ចោលអនាធិតេយ្យពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រមទាំងបង្កផលប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមផងដែរ ។ លោកជំទាវ សង្ឃឹមថាពុកម៉ែបងប្អូន ដែលបោះចោលសំរាមនៅតាមទីសាធា រណ: នឹងយល់ ។ ដូច្នេះ យើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា គឺដើម្បីខ្លួនយើង បរិស្ថានជុំវិញយើងស្អាតល្អ ហើយសូមយកសំរាមវេចខ្ចប់ទៅទុកដាក់កន្លែងដែលជាទីតាំងអាជ្ញាធរតំរូវអោយដាក់ ប្រមូលផ្តុំ កុំយកសំរាមទាំងអស់នេះទៅបោះចោលក្នុងលូបង្ហូរទឹកតទៅទៀត ៕