កំពង់ចាម

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាល ស្រុកជើងព្រៃ រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលស្រុកជើងព្រៃ ចែកជូនមន្ត្រីនគរបាល ដែលកំពុងធ្វើចត្តាឡីស័ក នៅអធិការដ្ឋានគរបាលស្រុកជើងព្រៃ ។ 



លោក  អូត ឈាងលី បានឲ្យដឹងថា រូបលោក និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអង្ករចំនួន ៥០គីឡូក្រាម មី ៣កេស ត្រីខ ៣យួរ ទឹកបរិសុទ្ធ ចំនួន ៣កេស និងថវិកាចំនួន ១លានរៀល  ក្នុងនោះ រដ្ឋបាលស្រុកចំនួន ៥០ម៉ឺនរៀល លោក ខាត់ សុខន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីកម្មសំណង់ និងភូមិបាលស្រុក ចំនួន ៥០ម៉ឺនរៀល ផ្ដល់ជូនដល់កងកម្លាំងអធិការនគរបាលស្រុក ដែលកំពុងធ្វើចត្តាឡីស័ក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។លោកអភិបាលស្រុក ឲ្យដឹងទៀតថា បន្ទាប់មក ក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងបាននាំយករទេះរុញចំនួន ១គ្រឿង និងថវិកា ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលស្រុកជើងព្រៃ និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ចំនួន ២០០ដុល្លារ និងថវិកាក្រុមការងារ ចំនួន ៣០ម៉ឺនរៀល ផ្តល់ជូនដល់ លោក សេង ប៉េងស៊ីម សមាជិកក្រុមប្រឹក្សាស្រុក ដែលសម្រាកព្យាបាលជម្ងឺនៅផ្ទះ ខ្លួនឯង ផងដែរ ៕