ខេត្តកំពង់ចាម

ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ បន្ទាប់ពីអាជ្ញាធរ បានបិទខ្ទប់ ដើម្បី បង្ការទប់ស្កាត់ ការឆ្លងរីករាលដាល ទៅក្នុងសហគមន៍ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរង ខេត្តកំពង់ចាម និងមន្ទីរ ជុំវិញខេត្ត រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានដឹកនាំ ក្រុមការងារ នាំយកម៉ាស់ចំនួន ១២.០០០ម៉ាស់ ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៤៥ខ្នងផ្ទះ ស្មើនឹង ១១ភូមិ ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានគូសបញ្ជាក់ថា ក្នុងឱកាសចុះយុទ្ធនាការនោះ ក្រុមការងារ មិនត្រឹមតែចែកម៉ាស់ប៉ុណ្ណោះទេ គឺថែមទាំង បានអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ការចម្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ 








ទន្ទឹមនឹងជាមួយនោះ ក៏បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដែលរួមមាន ៖ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែល ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាម និងត្រូវស្វាគមន៍ដោយសំពះ ជំនួសឱ្យការចាប់ដៃ ។ ក្រៅពីនោះ ក្នុងករណីមានបញ្ហាមិនស្រួលខ្លួន ដូចជា ៖គ្រុនក្តៅ ក្អក ផ្តាសាយ សូមផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដល់ភ្នាក់ងារសុខាភិបាល និងទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះ ដើម្បី ត្រួតពិនិត្យ និងតាមដានជាបន្ទាន់ ក្រែងមានករណីកូវីដ ១៩ផងដែរ ៕