ខេត្តក្រចេះ

មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូងភ្លាមៗ ក្រោយជួបឧប្បត្តិហេតុ​គ្រោះថ្នាក់ចរាចរណ៍​ ។​ ហេតុការណ៍នេះ បានកាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បង្ករឡើងរវាងម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ត្រង់ចំនុចភូមិថ្មីទី១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ​ បណ្តាលអោយមនុស្សប្រុសស្រីចំនួន ៤នាក់រងរបួសស្រាលនិងធ្ងន់។​







ជនរងគ្រោះទាំង ៤នាក់៖ ទី១ ឈ្មោះ លីតា ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅនៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងទី២ ឈ្មោះ ទៀត រ៉យម៉ះ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅនៅភូមិអំពិល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​ អ្នកទាំងពីរជិះជាមួយគ្នា ម៉ូតូម៉ាក វីហ្សឹន គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីលិចទៅកើត ។​ ដោយឡែក ជនរងគ្រោះទី៣ ឈ្មោះ លី ហ្វាហ្សី ភេទប្រុស អាយុ១៩ឆ្នាំ និងទី៤ ឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ​មានទីលំនៅនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះជាមួយគ្នា ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 2D-0247 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុក៏បុកគ្នាតែម្តង​។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានទេថា ភាគីខាងណាជាអ្នកបង្ករនៅឡើយទេ ។​ បច្ចុប្បន្ន ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង រីឯម៉ូតូបង្កទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឆ្លូង៕