ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយមន្ត្រីគយ និងរដ្ឋាករចល័ត បង្ក្រាបករណីឈ្មួញដឹកឈើប្រណិតខុសច្បាប់ នៅយប់ថ្ងៃទី03 ខែមិថុនា ឆ្នាំ2021 នៅកំណាត់ផ្លូវជាតិលេខ6 ស្ថិតនៅក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។



សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ សហការជាមួយគយ និងរដ្ឋករចល័ត បានធ្វើសកម្មភាពបង្ក្រាបលើរថយន្ត០១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-8140 ដែលសង្ស័យថាប្រព្រឹត្តបទល្មើសដឹកទំនិញគេចពន្ធដែលចេញពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គោលដៅឆ្ពោះទៅខេត្តសៀមរាបតាមផ្លូវជាតិលេខ6 លុះដល់ចំណុចស្ពានតាប៉ុន ស្រាប់តែម្ចាស់រថយន្តបានបើកត្រឡប់ក្រោយមកដល់ចំណុចខាងកើតភូមិតាប៉ុន ឃុំតាប៉ុន ស្រុកព្រះនេត្រព្រះ ម្ចាស់រថយន្តក៏បានបើករថយន្តរបស់ខ្លួនទំលាក់ចូលទៅក្នុងប្រឡាយ ហើយបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ស្រាប់តែរថយន្តនោះដឹកសុទ្ធតែឈើប្រណិត (ធ្នង់)។



លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយពីពិនិត្យឃើញដូច្នេះកម្លាំងគយ និងរដ្ឋករចល័តបានប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីចាត់ចែងតាមនីតិវិធី។


   លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រថយន្ត និងឈើធ្នង់ចំនួន09បន្ទះ ស្មើនឹង0.63ម៉ែត្រគូប លោកបានចាត់តាំងឱ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះប្រគល់ឱ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យចាត់ការតាមនីតិវិធីហើយនៅព្រឹកថ្ងៃសុក្រ ទី04 ខែមិថុនា ឆ្នាំ2021នេះ៕




សៅនៅ