កំពង់ចាម៖
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងប្រាប់ ដល់លោកអភិបាលស្រុកថ្មី ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈ ក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៅពេលអនាគត ។ ក្រៅពីនោះ ការដឹកនាំវិញ ត្រូវឲ្យមន្ត្រីក្រោមឱវាទ ចេះធ្វើការងារ ទាំងការផ្ដល់នូវធនធាន និង ការលើកទឹកចិត្ត ផងដែរ ។ ថ្លែងយ៉ាង ដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល ស្រុកចំការលើ ដែល លោក សំ ពិសិដ្ឋ អតីតនាយករងរដ្ឋបាល សាលាខេត្តកំពង់ចាម ត្រូវបានរាជរដ្ឋាភិបាល តែងតាំង ជាអភិបាល នៃគណៈអភិបាល ស្រុកចំការលើ ជំនួស លោក ខ្លូត ចិន្តា ត្រូវទទួលភារកិច្ចថ្មី នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាព នៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលា ស្រុកចំការលើ ហើយបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមកនោះ ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះ លោកអភិបាល ស្រុកចំការលើ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំង មានគំនិតផ្តួចផ្តើម មានសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្ត ឲ្យបានច្បាស់លាស់ ហើយខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត និងរដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ។ ក្រៅពីនោះ ក៏ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ផងដែរ ៕