កំពង់ចាម៖

បន្ទាប់ពីរកឃើញអ្នកប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ និងលោកជំទាវ ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អមដំណើរ ដោយឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីក្រោមឱវាទ ព្រមទាំង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ និងដាក់នូវវិធានការបន្ថែម ដល់អាជ្ញាធរមូលដ្ឋាន ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ។  

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា កន្លងមក បញ្ហាជម្ងឺកូវីដ ១៩ ក្នុងរលកចាស់ នៅក្នុងស្រុកស្រីសន្ធរ យើងបានទប់ស្កាត់អស់មួយរយៈ ។ ប៉ុន្តែ មកដល់ពេលនេះ រលកថ្មី បានកើតឡើង ដោយសារការឆ្លង អ្នកមកពីភ្នំពេញ ដែលការឆ្លងនេះ គឺចាប់ផ្ដើមពីក្រុមគ្រួសាររបស់គាត់ រហូតឈានទៅដល់អ្នកក្នុងភូមិផ្សេងៗ និងទីផ្សារ ផងដែរ  ដែលជាមូលហេតុ នាំឱ្យចម្លងចូលទៅដល់សហគមន៍ បានយ៉ាងឆាប់រហ័ស ។ ឯកឧត្ដម បញ្ជាក់ដែរថា ការឆ្លងរលកថ្មីនេះ គឺស្ថិតនៅក្នុងកម្រិតមធ្យម ដែលឆ្លងក្នុងកញ្ចប់គ្រួសារ ពោលគឺ មិនទាន់ទៅក្នុងសហគមន៍ នៅឡើយទេ ដោយមានត្រឹមតែ ៤៥ខ្នងផ្ទះ លើ ១១ភូមិ ប៉ុណ្ណោះ ហើយក៏មិនទាន់ឈាន ទៅដល់ដំណាក់កាលបិទភូមិទាំងស្រុងនោះដែរ ។ តាមរយៈនេះ  ឯកឧត្ដមអភិបាលខេត្ត បានចេញវិធានការបន្ថែម ដើម្បី ការពារការឆ្លងរាលដាល នៃជម្ងឺនេះ ដោយណែនាំដល់អាជ្ញាធរស្រុក ត្រូវពិនិត្យមើលបន្ថែម ទៅលើអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ដោយយកខ្នងផ្ទះទាំង ៤៥ នេះ ធ្វើជាមូលដ្ឋាន ក្នុងការស្រាវជ្រាវបន្ត ដើម្បី ស្វែងរកអ្នកជាប់ពាក់ព័ន្ធជាមួយពួកគាត់ ទាំងអ្នកដោយផ្ទាល់ និងអ្នកប្រយោល ដើម្បី ដាក់ឲ្យពួកគាត់ ធ្វើចត្តាឡីស័ក ។ 

ក្រៅពីនោះ ផ្សារដែលបានបិទខ្ទប់វិញ គឺហាមមានការលក់ដូរជាដាច់ខាត  បើមានអ្នករឹងរូស ត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ។ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ដែរថា ទាក់ទងទៅនឹងអ្នកធ្វើចត្តាឡីស័ក គឺមានពីរផ្នែក ៖ ទី១.ការធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវឱ្យពួកគាត់ពាក់ម៉ាស និងលាងដៃនឹងអាល់កុលឲ្យបានត្រឹមត្រូវ និងត្រួតពិនិត្យតាមដានសុខភាពជាប្រចាំ ដោយមិនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះនោះទេ ។និងទី២.ការធ្វើចត្តាលីស័កតាមមណ្ឌល អាជ្ញាធរស្រុក ត្រូវពិនិត្យលទ្ធភាព ដើម្បី ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បី បម្រុងទុកក្នុងករណី មានការឆ្លងកើនឡើង ហើយអ្នកពាក់ព័ន្ធ ដែលតម្រូវឲ្យធ្វើចត្តាឡីស័ក នឹងត្រូវផ្គត់ផ្គង់ម៉ាស និងអាល់កុល ជូនពួកគាត់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ។ ជាងនេះទៅទៀត អាជ្ញាធរស្រុក ត្រូវចេះល្បាតមើលតាមខ្នងផ្ទះ តាមទីផ្សារដែលបិទខ្ទប់ ពោលគឺ រៀបចំឲ្យមានយន្តការ យាមកាម ដើរល្បាត ទាំងយប់ ទាំងថ្ងៃ  រួមទាំង ធ្វើការចាក់ផ្សាយសារអប់រំ ស្ដីអំពីវិធានការ «៣កុំ ៣ការពារ» ឲ្យបានទូលំទូលាយ ។ ក្រៅពីនោះ អាជ្ញាធរស្រុក ត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ទាំងអស់ ហើយរាយការណ៍ជូនក្រុមការងារចុះជួយស្រុក និងក្រុមការងារចុះជួយឃុំ ដើម្បី រៀបចំអំណោយជូនពួកគាត់ នៅតាមខ្នងផ្ទះ ផងដែរ ។

គួរកត់សម្គាល់ដែរថា បន្ទាប់ពីរកឃើញអ្នកប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ផ្ទះប្រជាពលរដ្ឋចំនួន ៤៥ខ្នងផ្ទះ ក្នុងភូមិចំនួន ១១ និងផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារ ចំនួន ២កន្លែង ស្ថិតនៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។ ព្រមទាំង សម្រេចបិទខ្ទប់ មន្ទីរសម្រាកព្យាបាល ១កន្លែង ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ផងដែរ ៕